ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើកឡានបណ្តើរ ឆ្លៀតទូរស័ព្ទឲ្យប្រពន្ធបើកទ្វារផ្ទះបណ្តើរ ក៏រេចង្កូតទ្រូងផ្លូវខ្ទេចអស់

    BY Khmernote Media August 23, 2020
    បើកឡានបណ្តើរ ឆ្លៀតទូរស័ព្ទឲ្យប្រពន្ធបើកទ្វារផ្ទះបណ្តើរ ក៏រេចង្កូតទ្រូងផ្លូវខ្ទេចអស់

    រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្តបណ្ដើរ និងឆ្លៀតទូរស័ព្ទប្រាប់ប្រពន្ធឲ្យបើកទ្វារផ្ទះបណ្ដើរ ទើបរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរបាំងថ្មខូតខាតមួយផ្ទាំង និងមួយផ្ទាំងខ្ទាតទៅគន្លងផ្លូវម្ខាងទៀត តែសំណាងល្អ មិនបណ្ដាលឲ្យរងរបួសនោះទេ គ្រាន់តែភិតភ័យ និងហៅប្រជាពលរដ្ឋនិងអ្នកដំណើរព្រមទាំងក្រុមអ្នកបើកកង់បីឥណ្ឌា នាំគ្នាជួយរំកិលរបាំងថ្មមកដាក់ក្បែរកន្លែងដើមវិញចៀសវាងមានយានយាន្តដទៃបើកទៅបុកគ្រោះថ្នាក់បន្តទៀត លុះពេលសមត្ថកិច្ចមកដល់ តៃកុងឆ្លាតហៅម៉ូតូឌុបជិះចេញទៅបាត់ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីម៉ោង០៣:៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចទល់មុខក្រសួងរ៉ែ និងថាមពល លើកំណាត់ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ (Highlander) ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខភ្នំពេញ 2T-8270 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកឆ្វេងដៃ ក៏ជ្រុលទៅបុករបាំងថ្មក្បាលព្រួញពុះចែកផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបាក់កាឡេកង់មុខខាងឆ្វេង អូសកកិតនិងថ្នល់រងការខូចខាតយ៉ាងដំណំ បើកបន្តដំណើរទៅមុខលែងរួច ចំណែករបាំងថ្មបាក់បែកមួយផ្ទាំង និងមួយផ្ទាំងខ្ទាតទៅគន្លងផ្លូវម្ខាងទៀត តែសំណាងល្អ មិនបណ្ដាលឲ្យរងរបួសនោះទេ គ្រាន់តែម្ចាស់រថយន្តមានការភិតភ័យ និងចុះពីលើរថយន្តប្រាប់អោយបងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរបានដឹងថា ដោយសារគាត់ទូរស័ព្ទទៅប្រពន្ធគាត់ ដើម្បីអោយបើកទ្វារផ្ទះអោយគាត់ផង ស្រាប់តែងើបមុខឡើងមកវិញក៏រេចង្កូតទៅបុករបាំងថ្មតែម្ដង ។ ក្រោយមកក្រុមអ្នកបើកកង់បី និងបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជួយរំកិលរបាំងថ្មមកដាក់ក្បែរកន្លែងដើមវិញសិន ចៀសវាងមានយានយាន្តដទៃបើកទៅបុកគ្រោះថ្នាក់បន្តទៀត លុះពេលសមត្ថកិច្ចមកដល់ តៃកុងឆ្លាតហៅម៉ូតូឌុបជិះចេញទៅបាត់ ។

    ក្រោយកើតហេតុសមកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ក៏បានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ក មកស្ទូចទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: