ថ្ងៃស៊យ ឆក់ទូរស័ព្ទប៉ះចំនារីចេះតៃខ្វាន់ដូរ ចិត្តខ្លាំងជិះម៉ូតូដេញតាមបុកផ្តួលពួកចោររហូតចាប់បានបក្ខពួកម្នាក់
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់នារីម្នាក់ ប៉ះចំជនរងគ្រោះចេះតៃខ្វាន់ដូ ជិះម៉ូតូដេញតាមបុកផ្តួលរហូតចាប់បានម្នាក់តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២០ ត្រង់ចំណុចខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណុះ ហ្វារីតា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស ទីលំនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលឃាត់ខ្លួនបានម្នាក់មានឈ្មោះ រិន ណារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះកម្លាំងសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយក្រហម ពាក់ស្លាកលេខ កណ្តាល 1PC-1714 មានលេខតួ និងលេខម៉ាស៊ីន 117619 ចំនួន០១គ្រឿង , ដាវកែច្នៃប្រវែង៥០សង់ទីម៉ែត្រចំនួន០១ដើម ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាក MSX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1II-5040 ចេញពីផ្ទះ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីទៅលេងផ្ទះឈ្មោះ សំ ស្រីមុំ ភេទស្រី អាយុ២៤ឆ្នាំ (ត្រូវជាបងស្រីធម៌របស់ជនរងគ្រោះ) ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ពេលជនរងគ្រោះជិះម៉ូតូម៉ាកខាងលើ តាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូងដល់ខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនរងគ្រោះក៏បានឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវជាតិលេខ៣ ដើម្បីនិយាយឆាតជាមួយបងស្រី ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ រិន ណារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ទី០២ឈ្មោះ មាស វិសាល ហៅ ប៉ាលី ភេទប្រុស អាយុ២៣ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៌សលាយក្រហម ពាក់ស្លាកលេខកណ្តាល 1PC-1714 មានលេខតួ និងលេខម៉ាស៊ីន117619 ទៅអែបខាងឆ្វេងដៃរបស់ជនរងគ្រោះ រួចជនសង្ស័យឈ្មោះ រិន ណារ័ត្ន ដែលអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក OPPO របស់ជនរងគ្រោះជិះគេចខ្លួនទៅទិសខាងត្បូង ។
ហើយជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗ រួចក៏មានកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ បានជួយអន្តរាគមន៍ភ្លាមៗ ដេញតាមពីក្រោយជនសង្ស័យបានចំងាយ៣០០ម៉ែត្រ ជនរងគ្រោះក៏បានបើកម៉ូតូបុកម៉ូតូរបស់ជនសង្ស័យពីក្រោយបណ្តាលឱ្យដួលម៉ូតូទាំង០២គ្រឿង រួចសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រិន ណារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ រួមនិងវត្ថុតាង ១/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយក្រហម ពាក់ស្លាកលេខ កណ្តាល1PC-1714 មានលេខតួ និងលេខម៉ាស៊ីន 117619 ចំនួន០១គ្រឿង និងដាវកែច្នៃប្រវែង៥០សង់ទីម៉ែត្រចំនួន០១ដើម យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវីធីច្បាប់។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ មាស វិសាល បានយកទូរស័ព្ទដៃរបស់ជនរងគ្រោះរត់គេចខ្លួនបាត់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកខាងលើ ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន ហើយកន្លងមកធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាច្រើនលើកថែមទៀត រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យទាំង០២នាក់ខាងលើ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ