ម្ចាស់ឡឥដ្ឋអុឹង ប៊ុនហួរ ចេញវិដេអូសុំអភ័យទោសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត , ឯកឧត្តមកែគឹមយ៉ាន និងលោកជំទាវ អភិបាលខេត្ត អភិបាលក្រុង និងប្រជាពលរដ្ឋបន្ទាយមានជ័យ ហើយថាខ្លួនបានចាក់ដីបំពេញគល់ស្ពានអោយល្អដូចដើមវិញហើយ ដោយមានមន្រី្តជំនាញត្រួតពិនិត្យយ៉ាងត្រឹមត្រូវ
បន្ទាប់ពីអាជ្ញាធរឲ្យម្ចាស់ឡឥដ្ឋអុឹង ប៊ុនហួរ ចាក់បំពេញដីឡើងវិញនៅកន្លែងកាយជើងស្ពានដែក ឥលូវនេះម្ចាស់ឡឥដ្ឋអុឹង ប៊ុនហួរ បានចេញវិដេអូសុំទោសជាសាធារណៈ ដោយគាត់បានរៀបរាប់និងសរសេរថា៖ ខ្ញុំបាទឈ្មោះ អុឹង ប៊ុនហួរ សុំធ្វើការសុំទោសជាសាធារណៈចំពោះ៖
🙏 សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
🙏 ឯកឧត្តម នាយឧត្តមសេនីយ៌ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោជំទាវ ម៉ៅ ម៉ាល័យ
🙏 ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកជំទាវ
🙏 លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងថ្នាក់ដឹកនាំ អជ្ញាធរគ្រាប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល!
ករណីខ្ញុំបាទបានជួលគ្រឿងចក្រ ដើម្បីធ្វើការកាយដីស្តារ បាតស្ទឹងទឹកថ្លា ហើយគ្រឿងចក្របានកាយជ្រុលជិតដល់គល់ស្ពានដែក ដែលបានបង្កនូវកំហុសមួយនេះឡើង ។
ខ្ញុំបាទមានការសោកស្តាយ និងសុំអភ័យទោស ហើយព្រមទទួលនូវកំហុសឆ្គងមួយនេះ ដោយគិតដល់ត្រឹមថ្ងៃទី 23 ខែ សីហា ឆ្នាំ 2020 ខ្ញុំបាទ បានចាក់ដីបំពេញគល់ស្ពានអោយល្អដូចដើមវិញតាមលក្ខណៈបច្ចេកទេស ដោយមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីអាជ្ញាធរ និងមន្រី្តជំនាញ ។
🙏សូម សម្តេច ឯកឧត្តម លោកជំទាវ អស់លោក ថ្នាក់ដឹកនាំ អាជ្ញាធរ គ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស មេត្តាទទួលនូវការសុំទោស និង ការគោរពអំពីខ្ញុំបាទ ដោយក្តីអនុគ្រោះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមការងារចម្រុះ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ, លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត, លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត, លោក ហ៊ី សាវុន មន្ត្រីធនធានទឹកនិងឧតុនិយមខេត្ត, លោក យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ រួមទាំងអាជ្ញាធរមូលដ្ឋាន សង្កាត់ទឹកថ្លា និងមេភូមិទឹកថ្លា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានចុះពិនិត្យជាក់ស្តែង ឃើញថា លោក អ៊ឹង ប៊ុនហួរ ម្ចាស់ឡឥដ្ឋ ម្តុំស្ពានដែកទឹកថ្លា ដែលមានទីតាំងស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើការកាយយកអាចម៍ដីបាតស្ទឹងទឹកថ្លា រហូតដល់សសរគ្រឹះស្ពានដែក និងដីចំណីស្ទឹងតាមបណ្តោយក្បាលស្ពានខាងលិច ហើយដឹកយកទៅចាក់រំលោភយកដីចំណីស្ទឹងក្នុងគោលបំណងធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។

ក្រោយពីចុះពិនិត្យជាក់ស្តែង ក្រុមការងារបានសម្រេចឲ្យលោក អ៊ឹង ប៊ុនហួរ ទី១ – ត្រូវចាក់ដីកៀរកិនបង្ហាប់តាមលក្ខណៈបច្ចេកទេសទប់សសរជើងស្ពានឡើងវិញជាបន្ទាន់តាមការកំណត់របស់ក្រុមការងារ, ទី២ – ត្រូវចាក់កៀរកិនបង្ហាប់បន្តពីគល់ស្ពានតាមបណ្តោយរ៉បមាត់ស្ទឹង និងកាយយកចេញនូវអាចម៍ដីដែលបានចាក់រំលោភយកដីចំណីស្ទឹងវិញភ្លាមក្រោយពីបញ្ចប់ការងារទី១ , និងទី៣ – ក្រុមការងារសម្រេចដកគ្រឿងចក្រមានអេស្កាវេទ័រចំនួន០៣គ្រឿង,ឡានដឹកដីចំនួន០៩គ្រឿងនិងត្រាក់ទ័រ០១គ្រឿងយកទៅរក្សាទុកជាបណ្តោះអាសន្ននៅសាលាក្រុងសិរីសោភ័ណ ។
ជាមួយគ្នានោះដែរ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ បានលើកឡើងថា ៖ ករណីកាយយកអាចម៍ដីនេះ លោក អ៊ឹង ប៊ុនហួរ បានកាយរហូតប៉ះពាល់ដល់គ្រឹះសសរស្ពាន ដូច្នេះត្រូវឲ្យគាត់យកដីទៅចាក់វិញធ្វើឲ្យដូចដីធម្មជាតិវិញ ក្នុងនោះដែរ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត បានឲ្យដឹងដែរថា ៖ ពីមុនមន្ត្រីនៃមន្ទីរជំនាញរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត បានចុះវាស់វែង កំណត់ព្រំដីឲ្យគាត់ហើយ តែគាត់បានចាកដីរំលោភដីចំណីស្ទឹង ជាវិធានការ ឲ្យគាត់កាយដីដែលចាក់រំលោភយកដីចំណីស្ទឹងនោះចេញ ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានលើកឡើងផងដែរថា ៖ លោក អ៊ឹង ប៊ុនហួរ នេះ អាជ្ញាធរក្រុងបានចុះធ្វើការណែនាំនិងហាមឃាត់គាត់ ចំនួន២លើករួចមកហើយ តែលើកនេះធ្ងន់ធ្ងរណាស់គាត់បានឲ្យកម្មករជីកយកដីបាតស្ទឹងរហូតដល់គ្រឹះសសរស្ពានដែក ដែលជាស្ពានប្រវត្តិសាស្ត្រ អាជ្ញាធរក៏លើកទឹកចិត្ត និងតែងតែផ្សព្វផ្សាយដែរ ក្នុងការស្តារស្ទឹង ឬបឹង ឲ្យជ្រៅ ដើម្បីរក្សាទឹកទុកប្រើប្រាស់ តែក៏ត្រូវធ្វើការស្នើសុំពីអាជ្ញាធរផងដែរ ។ ជាមួយគ្នានោះដែរ លោក អ៊ឹង ប៊ុនហួរ ក៏បានទទួលស្គាល់ថាខ្លួនគាត់បានធ្វើនេះជ្រុលប៉ះដល់ជើង គ្រឹះសសរស្ពាន តែនេះគឺកម្មកររបស់គាត់ជីកកាយ តែលោក ទទួលស្គាល់ និងធ្វើតាមការណែនាំរបស់ក្រុមការងារទាំងអស់៕ ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ




