ក្រសួងអប់រំ គ្រោងបើកដំណើរការឡើងវិញ គ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាក្នុងដំណាក់កាលទីពីរ
ភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាបានបើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រួតពិនិត្យ កែលម្អ និងដាក់ចេញជាវិធានការសម្រាប់សាកល្បងបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាក្នុងដំណាក់កាលទីពីរ។ ក្នុងកិច្ចប្រជុំពិភាក្សានេះបានសម្រេចដាក់ចេញនូវអភិក្រមពីរដែលគ្រឹះស្ថានសិក្សាត្រូវអនុលោមតាម៖

១.ការដាក់សុវត្ថិភាព សុខុមាលភាព សុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ ជាអាទិភាព
២.ការជំរុញ ការអប់រំបែបចម្រុះរវាងការធ្វើស្វ័យសិក្សាពីចម្ងាយ ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងការសិក្សាពីចម្ងាយតាមបែបប្រពៃណី។
សូមជម្រាបថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា