ក្រោយពីម្ចាស់ឡឥដ្ឋ កាយដីជ្រុលប៉ះដល់ជើងគ្រឹះស្ពានដែកសម័យបារាំង ម្សិលមិញនេះ កម្លាំងចំរុះខេត្តបន្ទាយមានជ័យ ពួតដៃគ្នាសម្រុក លាបថ្នាំការពារច្រែសលើស្ពានដែក កាប់ឆ្ការសម្អាតព្រៃ ស្មៅ
ខេត្តបន្ទាយមាជ័យ៖ កម្លាំងចំរុះមាន ស្នងការនគរបាល ខេត្តកងរាជអាវុធហត្ថខេត្ត កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានពួតដៃគ្នាសម្រុកកាប់ឆ្ការសម្អាតព្រៃ ស្មៅ ចាក់ដីនិងលាបថ្នាំការពារច្រែសលើស្ពានដែកទឹកថ្លានៅភូមិទឹក ថ្លាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី ២៤ខែសីហា ឆ្នាំ២០២០។

គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ ម្ចាស់ឡឥដ្ឋលោក អ៊ឹង ប៊ុនហួរ ទទួលកំហុសជ្រុលប៉ះដល់ជើងគ្រឹះស្ពានដែកសម័យបារាំង តែគាត់ថា នេះគឺកម្មកររបស់គាត់អ្នកជីកកាយ, អាជ្ញាធរហាម ២លើករួចមកហើយ តែនៅមិនស្តាប់ ចុងក្រោយអាជ្ញាធរសម្រេចឲ្យលោក អ៊ឹង ប៊ុនហួរ ទី១ – ត្រូវចាក់ដីកៀរកិនបង្ហាប់តាមលក្ខណៈបច្ចេកទេសទប់សសរជើងស្ពានឡើងវិញជាបន្ទាន់តាមការកំណត់របស់ក្រុមការងារ, ទី២ – ត្រូវចាក់កៀរកិនបង្ហាប់បន្តពីគល់ស្ពានតាមបណ្តោយរ៉បមាត់ស្ទឹង និងកាយយកចេញនូវអាចម៍ដីដែលបានចាក់រំលោភយកដីចំណីស្ទឹងវិញភ្លាមក្រោយពីបញ្ចប់ការងារទី១ , និងទី៣ – ក្រុមការងារសម្រេចដកគ្រឿងចក្រមានអេស្កាវេទ័រចំនួន០៣គ្រឿង,ឡានដឹកដីចំនួន០៩គ្រឿងនិងត្រាក់ទ័រ០១គ្រឿងយកទៅរក្សាទុកជាបណ្តោះអាសន្ននៅសាលាក្រុងសិរីសោភ័ណ៕ រូបភាព៖ ពីលោក វ៉ាន់ ណាង











