ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គេជិះម៉ូតូមកបុកគូទឡានសោះ ម្ចាស់ឡានភ័យពេក រត់ចោលឡានបាត់

    BY Khmernote Media August 25, 2020
    គេជិះម៉ូតូមកបុកគូទឡានសោះ ម្ចាស់ឡានភ័យពេក រត់ចោលឡានបាត់

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសសន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូលឿនពេក មិនប្រយ័ត្នទៅបុកគូទរថយន្តកូរ៉េដឹកទំនិញកំពុងបើកបរតាមផ្លូវពេញទំហឹង គ្រាន់តែឃើញដេកដួលកណ្ដាលផ្លូវ តៃកុងរថយន្តទំនងជាភ័យពេក ក៏បើករត់ចេញពីកន្លែងកើតហេតុ បានប្រហែល៣០០ម៉ែត្រក៏ទុករថយន្តចោលហើយគេចខ្លួនបាត់ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅចំណុចមុខអគ្គិសនី(បង់លុយ) លើផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង០៧:២៥នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-5312 បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយឺតល្មម ព្រោះចរាចរណ៍កំពុងចង្អៀត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ មិនដឹងទើបចេញពីផឹកនៅកន្លែងណាទេ បានបើកម៉ូតូមួយគ្រឿង ម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CD-5121 ក្នុងល្បឿនយ៉ាងលឿន ស្របទិសគ្នា ក៏ជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េដឹកទំនិញខាងលើពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់រថយន្តហើយដួលសន្លប់ស្ដូកកណ្ដាលផ្លូវតែម្នាក់ឯង ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋរួមទាំងកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានជួយសង្គ្រោះបឋមលើកជនរងគ្រោះមកលើចិញ្ចើមផ្លូវ និងជួយទំនាក់ទំនងហៅសាច់ញាតិក្រុមគ្រួសារបានដឹងផងដែរ រួមទាំងទាក់ទងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនមួយគ្រឿងមកដល់កន្លែងកើតហេតុផងដែរ ។

    ប្រភពដដែលបន្តថា ឃើញសភាពមិនស្រួល រថយន្តដែលត្រូវបុរសរងគ្រោះបើកបុកពីក្រោយនោះ បានបន្ថែមល្បឿនបើកចេញពីកន្លែងកើតហេតុ បានប្រហែលជាង៣០០ម៉ែត្រ ក៏ឈប់អែបចិញ្ចើមផ្លូវមុខភូមិគ្រឹះមួយកន្លែង លើផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យដដែល ហើយតៃកុងបានចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តចោលប៉ុណ្ណោះ ។

    មួយសន្ទុះក្រោយមកគេឃើញស្ត្រីម្នាក់ជាភរិយារបស់ជនរងគ្រោះ និងសាច់ញាតិបានមកដល់កន្លែងកើតហេតុ ហើយអោយគ្រូពេទ្យពិនិត្យមើល និងមិនព្រមឡើងរថយន្តទៅមន្ទីរពេទ្យទេ បានអោយក្រុមគ្រួសារជួយគ្រាឡើងជិះកង់បីឥណ្ឌាចេញពីកន្លែងកើតហេតុបាត់ទៅ ។

    បើតាមសម្ដីនគរបាលប៉ុស្តិ៍បានអោយដឹងថា បុរសម្ចាស់ម៉ូតូពិតជាសំណាង ដែលបានពាក់មួកសុវត្ថិភាពត្រឹមត្រូវ បើសិនជាមិនបានពាក់មួកសុវត្ថិភាពទេ មិនដឹងថាត្រូវរបួសធ្ងន់កម្រិតណានោះទេ ដូច្នេះហើយដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការពារអាយុជីវិតខ្លួនឯង យើងត្រូវតែពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរតាមទោចក្រក្រយាន(ម៉ូតូ)ទោះជិតឬឆ្ងាយ គ្រប់ពេលវេលា។

    បច្ចុប្បន្នក្រោយកើតហេតុ មធ្យោបាយដែលពាក់ព័ន្ធមានរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍សហការជាមួយនគរបាលចរាចរណ៍ខណ្ឌមានជ័យ ចុះមកពិនិត្យមើលរួមយកទៅរក្សាទុកបណ្ដោះអាសន្ន នៅផ្នែកវាស់វែងចរាចរណ៍ នៃអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: