តៃកុងវ័យក្មេងបើករថយន្តបែនដឹកខ្សាច់ (គ្មានស្លាកលេខ) បត់ស្ដាំកៀររថយន្ត NISSAN ជាប់កណ្ដាលស្តុបមុខវត្តចាក់អង្រែក្រោម បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង
រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកខ្សាច់ធុនធំមួយគ្រឿង បើកបរដោយតៃកុងក្មេងម្នាក់ បានដឹកជញ្ជូនខ្សាច់ពីដេប៉ូមួយកន្លែងនៅសង្កាត់ចាក់អង្រែលើ យកទៅចាក់នៅតំបន់អភិវឌ្ឍន៍ បានបួងចង្កូតបត់ស្ដាំ ខ្វះការប្រុងប្រយ័ត្ន កៀររថយន្ត NISSAN NAVARA មួយគ្រឿងនៅខាងស្ដាំដៃ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកណារបួសនោះទេ គ្រាន់តែបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ និងសម្រួលចរាចណ៍ផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលម៉ោង០៦:០៥នាទីល្ងាច ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ២ កែងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចស្តុបមុខវត្តចាក់អង្រែក្រោម ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រថយន្តបែនដឹកខ្សាច់ខាងលើ ម៉ាក DAEWOO ពណ៌ក្រហម (គ្មានស្លាកលេខ) បើកបរតៃកុងវ័យក្មេង មិនបានស្គាល់អត្តសញ្ញាណម្នាក់។ ចំណែកឯរថយន្តរងគ្រោះម៉ាក NISSAN NAVARA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BA-4676 បើកបរដោយបុរសចំណាស់ មិនស្គាល់អត្តសញ្ញាណម្នាក់ដូចគ្នា។
សាក្សីដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត NISSAN NAVARA ខាងលើ បើកបរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុ បំណងទៅមុខត្រង់ ដោយបានបន្ថយល្បឿនយឺតៗ ព្រោះមានម៉ូតូ និងរថយន្តកំពុងឆ្លងកាត់មុខ ពីផ្លូវ៣០ម៉ែត្រ បត់ផ្លូវជាតិលេខ២ ស្រាប់តែមានរថយន្តបែនដឹកខ្សាច់ធុនធំមួយគ្រឿង(ពុំមានស្លាកលេខ)ខាងលើ បើកបរក្នុងទិសដៅស្របគ្នាមកពីក្រោយ វៃស៊ីញ៉ូមស្ដាំភ្លាម កាច់ចង្កូតបត់ស្ដាំភ្លែត ទាំងមិនបានប្រុងប្រយ័ត្ននិងមិនបានពិនិត្យមើលរថយន្តដែលកំពុងបើកយឺតៗនៅខាងស្ដាំឡើយ ក៏ជ្រុលទៅបុកកៀររថយន្ត NISSAN បណ្ដាលឲ្យខូតខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ ចំណែកឯរថយន្តទាំងពីរអែបជាប់គ្នាកណ្ដាលស្តុបតែម្ដង តែសំណាងល្អ ដែលគ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យនរណាម្នាក់រងរបួសឡើយ គ្រាន់តែបង្កការកកស្ទះចរារណ៍នៅតាមផ្លូវជាតិលេខ២យ៉ាងខ្លាំងផងដែរ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរឆ្លងកាត់ចំណុចកើតហេតុ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យមើល និងជួយសម្រួលចរាចរណ៍ ហើយអោយភាគីទាំងសងខាងយករថយន្តអែបចូលមកផ្លូវ៣០ម៉ែត្រសិន ដើម្បីអោយភាគីទាំងសងខាងចរចារគ្នាមួយជំហានសិនផងដែរ ។
ក្រោយពេលភាគីរថយន្តទាំង២គ្រឿង បានចរចារគ្នា និងប្រគល់អោយគ្នាទាំងប្រញ៉ាប់ប្រញាល់ សូម្បីតែសមត្ថកិច្ចមូលដ្ឋានក៏ភាគីទាំងសងខាងមិនប្រាប់អោយដឹងថា បញ្ចប់រឿងសងប៉ុន្មានឡើយ គ្រាន់តែរាប់លុយហើយ ឡើងបើករថយន្តចេញទៅរៀងខ្លួនបាត់ទៅ សូម្បីតែពាក្យសម្ដីគួរសមអរគុណសមត្ថកិច្ចមួយម៉ាត់ក៏ភ្លេចនិយាយដែរ ចំណែកឯសមត្ថកិច្ចក្រវីក្បាលហើយឡើងជិះម៉ូតូឌុបគ្នាដើរល្បាតក្នុងមូលដ្ឋានរបស់ខ្លួនបាត់ទៅ៕
