ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចោរលួចផ្លែចេក និងត្រយ៉ូងចេកយ៉ាងសកម្ម លួចស្ទើររាល់ថ្ងៃ រយៈពេល០៣ខែមកហើយ ទើបតែចាប់បានពេលនេះ

    BY Khmernote Media August 26, 2020
    ចោរលួចផ្លែចេក និងត្រយ៉ូងចេកយ៉ាងសកម្ម លួចស្ទើររាល់ថ្ងៃ រយៈពេល០៣ខែមកហើយ ទើបតែចាប់បានពេលនេះ

    ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចផ្លែចេករបស់អ្នកភូមិ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១៥ និង០៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅចំណុច ចម្ការចេកជនរងគ្រោះ ភូមិព្រែកតាកេរ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ។

    ជនរងគ្រោះមាន ០២នាក់៖ ទី១-ឈ្មោះ ស ស្រ៊ី ភេទប្រុស អាយុ ៨៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិព្រែកតាកេរ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ និងទី២-ឈ្មោះ ឡេ ម៉ើ ភេទប្រុស អាយុ ៧៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាកេរ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ចំណែកឯជនសង្ស័យមានឈ្មោះ ចូង វឿន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ។ វត្ថុតាងរួមមាន៖ ១/-ផ្លែចេកចាស់ ចំនួន ៣០ស្ទោង និងត្រយ៉ូងចេក ចំនួន០២ត្រយ៉ូង ។ ២/-កូនកាំបិតចុងស្រួច ចំនួន០១។ ៣/-កង់ចាស់ ចំនួន០១។

    យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា រយៈកាលកន្លងមកជនសង្ស័យឈ្មោះ ចូង វឿន ធ្លាប់បានធ្វើសកម្មភាពលួចផ្លែចេក ត្រយ៉ូងចេក នៅតាមចម្ការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកោះធំ(ខ) ស្ទើតែរាល់ថ្ងៃ មានរយៈពេល០៣ខែមកហើយ។ ជនសង្ស័យរូបនេះក៏ជាមុខសញ្ញាលួចយ៉ាងសកម្ម ដែលនគរបាលកំពុងតាមដានផងដែរ។ លុះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥ និង០៥នាទី ខណៈពេលដែលកម្លាំងនគរបាលប៉ុស្ដិ៍កោះធំ(ខ) កំពុងចល័តល្បាតនៅតាមភូមិសាស្រ្ត ខ្លួនគ្រប់គ្រងមកដល់ចំណុចផ្លូវបេតុងភូមិព្រែកសំរោង ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ក៏បានជួបនឹងជនសង្ស័យកំពុងតែជិះកង់មានដឹកចេកជាច្រើនស្និត ដោយមានការសង្ស័យនគរបាលយើងក៏បានឃាត់សួរនាំ រួចជនសង្ស័យបានឆ្លើយថាចេកទាំងនោះ គឺរូបគេបានលួចកាប់យករបស់ប្រជាពលរដ្ឋនៅតាមចម្ការមាត់ព្រែកធូ ស្ថិតក្នុងភូមិព្រែកតាកេរ ឃុំកោះធំ(ខ)ស្រុកកោះធំ។

    បន្ទាប់មកនគរបាលយើងក៏នាំជនសង្ស័យទៅចង្អុលទីតាំងដែល រូបគេបានលួច និងបានស្រាវជ្រាវរកម្ចាស់ចម្ការចេកដែលបាត់នោះ រួចម្ចាស់ចម្ការទាំង០២នាក់ដែល បាត់ខាងលើ ក៏មកដាក់ពាក្យបណ្ដឹងតែម្ដង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕

    Share This Post: