ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្លោចចិត្ត! ដឹកកូនមកពេទ្យនៅភ្នំពេញ ដល់កណ្តាលផ្លូវដាច់ខ្យល់ស្លាប់ ត្រូវរថយន្ដឈ្នួលទម្លាក់សពចោល ឪពុកម្ដាយលើកសពកូនដាក់លើកៅអីរុញ ដើររកទីអារាមវត្តសម្រាប់បូជា

    BY Khmernote Media August 26, 2020
    ខ្លោចចិត្ត! ដឹកកូនមកពេទ្យនៅភ្នំពេញ ដល់កណ្តាលផ្លូវដាច់ខ្យល់ស្លាប់ ត្រូវរថយន្ដឈ្នួលទម្លាក់សពចោល ឪពុកម្ដាយលើកសពកូនដាក់លើកៅអីរុញ ដើររកទីអារាមវត្តសម្រាប់បូជា

    រាជធានីភ្នំពេញ៖ ដោយសារជីវភាពក្រីក្រលំបាកលំបិន ពេលកូនឈឺល្មមៗមិនមានលទ្ធភាពយកមកព្យាបាល នៅមន្ទីរពេទ្យ ទុករហូតធ្ងន់ធ្ងរទៅហើយ ទើបដាច់ចិត្តជួលរថយន្តតាក់ស៊ីគេដឹកកូនមកព្យាបាលនៅភ្នំពេញ តែមិនទាន់ដល់មន្ទីរពេទ្យផង ក៏ដាច់ខ្យល់ស្លាប់តាមផ្លូវ ហើយរថយន្ដតាក់ស៊ី បានទម្លាក់សពទុកចោល រួចបើកចេញទៅបាត់ ហើយឪពុកម្ដាយបានលើកសពកូនដាក់លើកៅអីរុញ ដើររកទីអារាមវត្តសម្រាប់បូជា។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១១:០៥នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣១៧ ទល់មុខវិទ្យាល័យឥន្ទ្រទេវី សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ករណីនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មានចុះទៅដល់កន្លែងកើតហេតុ និងបានសួរនាំផ្សព្វផ្សាយទើបដឹង ពីដំណើររឿង ហើយដំណឹងនេះក៏ដឹងដល់តំណាងអភិបាលខណ្ឌទួលគោក បានចុះមកជួយសម្រួលការលំបាក និងផ្ដល់ថវិកាមួយចំនួន ដើម្បីបានដឹកសពទៅស្រុកកំណើតវិញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសវ័យ ២៩ឆ្នាំម្នាក់ បានដាច់ខ្យល់ស្លាប់នៅលើរថយន្តតាក់ស៊ី ខណ:ដែលជិះចេញពីខេត្តព្រៃវែងជាមួយក្រុមគ្រួសារ ធ្វើដំណើរមកព្យាបាលជំងឺនៅភ្នំពេញ ប៉ុន្ដែជាអកុសលបានស្លាប់នៅតាមផ្លូវតែម្ដង ។

    ជនរងគ្រោះឈ្មោះ ហួត សុត ភេទប្រុស អាយុ ២៩ឆ្នាំមុខរបរកសិករ ស្នាក់នៅភូមិឥដ្ឋ ឃុំបន្ទាយស្រុក ស្រុកពាមជ ខេត្តព្រៃវែង។ តាមប្រភពពីឪពុកម្ដាយសពបានឲ្យដឹងថា កូនប្រុសគាត់មានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ដោយពោះរបស់គាត់ហើមធំឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃអត់ស្រាកស្រានសោះ គ្មានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យទេ គឺសម្រាកព្យាបាលនៅផ្ទះ រកគ្រូខ្មែរ និងគ្រូពេទ្យនៅស្រុកព្យាបាល តាមលទ្ធភាព។ ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ទើបពួកគាត់ជាឪពុកម្ដាយ បានសម្រេចចិត្តបញ្ជូនកូនប្រុស ទៅព្យាបាលនៅភ្នំពេញ តាមរថយន្តតាក់ស៊ី បំណងទៅមន្ទីរពេទ្យកាល់ម៉ែត្រ តែជាអកុសលពេល ធ្វើដំណើរមកដល់សង្កាត់បឹងកក់២ កូនប្រុសរបស់គាត់ បានដាច់ខ្យល់ស្លាប់តែម្ដង ទើបម្ចាស់រថយន្តតាក់ស៊ីបានទម្លាក់សពចុះពីលើរថយន្ត ហើយបើកចេញទៅបាត់ស្រមោល ។

    ពេលនោះគាត់ជាឪពុកម្ដាយ ដោយសារគ្មានលុយជួលរថយន្តដឹកសពត្រទ្បប់ទៅស្រុកវិញ ក៏បានបីសពកូនដាក់លើកៅអី ដើររកវត្តនៅជិតនោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ ដោយមើលឃើញទើសចិត្តពេក និងមានការអាណិតអាសូរជាមួយគ្នានេះដែរ លោក ម៉េង តំណាងក្រុមអ្នកសារព័ត៌មាន បានធ្វើការ រៃអង្គាសថវិការពីបងប្អូនក្រុមអ្នកសារព័ត៌មានច្រើនស្ថាប័នដែលបានចុះទៅផ្សព្វផ្សាយ បានទឹកប្រាក់បន្តិចបន្តួច ដើម្បីចូលបុណ្យនិងចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសពផងដែរ ដោយមើលឃើញក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋាន និងតំណាង លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានផ្ដល់ជាថវិការ សម្រាប់ការដឹកសព របស់ជនរងគ្រោះខាងលើត្រលប់ទៅស្រុកវិញ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ។

    បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនទៅក្រុមគ្រួសារបញ្ជូនទៅកាន់ស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ដោយមានតំណាងលោកអភិបាលខណ្ឌទួលគោក បានមកជួយសម្របសម្រួលបន្ថែម គឺជួលរថយន្តដឹកសព និងឧបត្ថម្ភថវិកាខ្លះ ដើម្បីដឹកសពយកទៅស្រុកកំណើតនឹងបានយកទៅធ្វើបុណ្យតាមប្រពៃណី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: