សាកលវិទ្យាល័យមួយរបស់ថៃ ប្រកាសពីភាពជោគជ័យលើការតេស្ដវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ លើសត្វស្វា
ទីភ្នាក់ងារសារព័ត៌មានថៃនៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា វេជ្ជបណ្ឌិតរបស់សាកលវិទ្យាល័យជូឡាឡុងកន បានប្រកាសពីជោគជ័យលើការសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅលើសត្វស្វា ដោយទទួលបានលទ្ធផលល្អជាមួយនឹងការបង្កើតភាពស៊ាំឱ្យវា ដែលជាក្ដីសង្ឃឹមថ្មីឈានទៅដល់ការបង្កើតវ៉ាក់សាំង សម្រាប់ការពារមនុស្សនៅពេលអនាគត។

លោកវេជ្ជបណ្ឌិត Teerawat Hemajuda សាស្រ្តាចារ្យផ្នែកផ្នែកប្រសាទសាស្រ្តនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យជូឡាឡុងកន បានបង្ហើបឱ្យដឹងតាមរយៈហ្វេសប៊ុកថា Phyto Farm ដែលជាក្រុមហ៊ុនឱសថទើបបង្កើតថ្មីដោយអ្នកស្រាវជ្រាវថៃ បានទទួលជោគជ័យលើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលអាចបង្កើតភាពស៊ាំនៅក្នុងសត្វស្វា រួមទាំងអង្គបដិប្រាណ និងការធ្វើឱ្យសកម្មនៃប្រព័ន្ធកោសិកា។
វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុន គឺធ្លាប់ត្រូវបានយកទៅសាកល្បងលើកណ្ដុរ បន្ទាប់មកទៀតគឺលើសត្វស្វានេះផ្ទាល់។ ការចាក់វ៉ាក់សាំងសាកល្បងរយៈពេល ៣សប្ដាហ៍ កន្លងមកលើសត្វស្វា គឺវាបានបង្ហាញសញ្ញាល្អ ដោយគ្មានផលប៉ះពាល់បន្ទាប់ពីចាក់វ៉ាក់សាំង ខណៈអង់ស៊ីមថ្លើម កោសិកាឈាមក្រហម និងកោសិកាឈាមស គឺនៅល្អធម្មតា៕


អត្ថបទ៖ លីដា
ប្រភព៖ Thai News Agency