ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លំអិតជុំវិញករណីកូនប្រុសតិរច្ឆានសម្លាប់ម្តាយបង្កើតខ្លួនឯង ហើយត្រូវសមត្ថកិច្ចតាមរកចាប់ខ្លួនបាន

    BY Khmernote Media August 29, 2020
    លំអិតជុំវិញករណីកូនប្រុសតិរច្ឆានសម្លាប់ម្តាយបង្កើតខ្លួនឯង ហើយត្រូវសមត្ថកិច្ចតាមរកចាប់ខ្លួនបាន

    ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានកូនប្រុសចាប់អារក ម្តាយដាច់ចេញពីស្មា ស្លាប់ក្នុងបន្ទប់ជួល រួចគេចខ្លួនបាត់ កាលពីម៉ោង១១យប់ ថ្ងៃសុក្រ ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២០ ហើយភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែសីហា ២០២០ នៅចំណុចបន្ទប់ជួលលេខ២០២ ជាន់ទី២ ស្ថិតក្នុងបុរីសឡា ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនសង្ស័យឈ្មោះ អ៊ាម សំណាង អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិក រោងចក្រតំឡើងម៉ូតូហុងដា ស្ថិតនៅផ្លូវចោមចៅ (វេងស្រេង) ស្នាក់នៅចំណុចកើតហេតុជាមួយម្តាយ។ មានជំងឺសសៃប្រសាទ ព្រោះប័ណ្ណបើកថ្នាំ ជាប្រចាំនៅពេទ្យមិត្តភាពខ្មែរ សូវៀត មានស្រុកកោះប៉ែនខ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

    តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីល្ងាចថ្ងៃសុក្រទី២៨ ខែសីហា ឆ្នាំ២០២០ កូនប្រុសរបស់ជនរងគ្រោះ បានស្រាតខោ រត់ពេញភូមិ ទើបម្តាយបានទៅចាប់កូនឡើងមកចូលក្នុងបន្ទប់ លុះដល់ម៉ោង១១យប់ថ្ងៃដដែល ទើបជនសង្ស័យធ្វើសកម្មភាពតែម្តង ។

    បើតាមការពិនិត្យនៅកន្លែង គេឃើញកូនកាំបិតចិតបន្លែមួយប្រលាក់ឈាម ដែលជនសង្ស័យប្រើប្រាស់ រីឯសពត្រូវបានជនសង្ស័យអារកដាច់ចេញពីខ្លួន។

    បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា អាចជនសង្ស័យចង់ចេញទៅក្រៅបន្ទប់ ហើយជនរងគ្រោះបានចាក់សោរខាងក្នុងមិនអោយចេញ ទើបជនសង្ស័យខឹង បូករួមនិងសតិមិនល្អផង ជាហេតុធ្វើឲ្យជនសង្ស័យអារកសម្លាប់តែម្តង ព្រោះសមត្ថកិច្ចឃើញកូនសោរចងជាប់នឹងខ្សែចង្កេះញ៉ាត់ក្នុងសារ៉ុងជនរងគ្រោះ (ម្តាយ) ហើយជនសង្ស័យ បានដោះបង្អួចកញ្ចក់បន្ទប់ រួចគេចខ្លួនបាត់តែម្តង។ ដោយឡែកសព មិនមានបន្សល់ទុកនៅអត្តសញ្ញាណណាមួយដើម្បីស្គាល់នោះឡើយ គឺមានតែអត្តសញ្ញាណរបស់ជនសង្ស័យ(កូនប្រុស)កាតការងារ ប័ណ្ណបើកថ្នាំនៅពេទ្យរ៉ុស្សី។

    បច្ចុប្បន្នសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញបានត្រួតពិនិត្យនៅកន្លែងកើតហេតុ និងស្រាវជ្រាវរកជនសង្ស័យដែលបានគេចខ្លួន។ ប៉ុន្តែនៅម៉ោង១០:៣០នាទីព្រឹកថ្ងៃ២៩នេះ ប្អូនស្រីម្នាក់ដែលជាអ្នកប្រទះឃើញភិនភាគជនសង្ស័យខាងលើ មានសភាពអាក្រាតកាយ បានដើរកាត់តាមផ្លូវម្ដុំមុខផ្ទះ រួចដើរទៅក្នុងដីឡូត៍មួយកន្លែង ក្រោយសាកលវិទ្យាល័យ IU នៃខណ្ឌសែនសុខ ហើយបានផ្ដល់ព័ត៌មានអោយសមត្ថកិច្ចខណ្ឌសែនសុខ ។

    បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងនគរបាលខណ្ឌសែនសុខបានចុះទៅដល់ ដោយមានទាំងលោក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកំពុងដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់ ជនសង្ស័យមានសភាពអាក្រាតកាយ និងបម្រុងចងកសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចទៅដល់ទាន់ក៏ចាប់ឃាត់ខ្លួនបានតែម្ដង ។

    លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា ជនដៃដល់ត្រូវកម្លាំងជំនាញចាប់ខ្លួនបានហើយ ពេលកំពុងរត់គេចខ្លួន ហើយជនដៃដល់បម្រុងធ្វើសកម្មភាពចង.កសម្លាប់ខ្លួនឯងតាមក្រោយ។

    បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណី យកមកសាកសួរនៅផ្នែកជំនាញតែម្តង។ ដោយឡែកសពកំពុងត្រួតពិនិត្យស្លាកស្នាម និងបានទាក់ទងទៅប្តីសព នៅឯស្រុកកំណើតឡើងមកយកសព យកទៅធ្វើតាមប្រពៃណីនៅឯស្រុកកំណើត ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: