ឥណ្ឌាក្លាយជាប្រទេសមានអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃច្រើនបំផុត ម្សិលមិញនេះមានអ្នកឆ្លងថ្មីជិត៨០,០០០នាក់
ឥណ្ឌា៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យទី ៣០ ខែ សីហា ម្សិលមិញនេះ ឥណ្ឌាបានជួបប្រទះនូវកំណត់ត្រាឆ្លងជំងឺកូវីដ ១៩ ដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានទាល់តែសោះនៅលើពិភពលោក ពោលគឺត្រឹមរយៈពេលមួយថ្ងៃឥណ្ឌាមានចំនួនអ្នកឆ្លងថ្មីរហូតដល់ ៧៨,៧៦១ ករណីឯណោះ។ គេនៅចាំបានថា រាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ មកមានតែប្រទេសអាមេរិកប៉ុណ្ណោះដែលធ្លាប់មានករណីអ្នកឆ្លងច្រើនប្រចាំថ្ងៃដោយកាលពីថ្ងៃទី ១៧ កក្កដា កន្លងទៅនេះអាមេរិកធ្លាប់មានចំនួនអ្នកឆ្លងសរុបចំនួន ៧៧ ៦៣៨ ករណីក្នុងមួយថ្ងៃ។ យ៉ាងណាក្តី គិតត្រឹមពេលនេះពេលនេះកំណត់ត្រាមានអ្នកឆ្លងជំងឺកូវីដ ១៩ ខ្ពស់បំផុតប្រចាំថ្ងៃគឺបានទៅលើប្រទេសឥណ្ឌាវិញហើយ។

នៅចំពោះមុខស្ថានភាពនេះ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាមិនបានថ្លែងសារអ្វីជាពិសេសទៅកាន់ពលរដ្ឋខ្លួននោះទេ ក្រៅតែពីធ្វើសេចក្តីថ្លែងការប្រចាំខែរបស់គាត់ ដើម្បីបូកសរុបលទ្ធផលនៃការខំប្រឹងប្រែងរបស់អាជ្ញាធរសុខាភិបាលឥណ្ឌា និងបន្តអំពាវនាវឲ្យពលរដ្ឋគ្រប់រូបត្រូវចេះអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួនដើម្បីរួមគ្នាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ នៅតាមសហគមន៍។ សូមបញ្ជាក់ផងដែរថា ឥណ្ឌាគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតលំដាប់ទី ៣ នៅលើពិភពលោក ដោយគិតមកទល់នឹងពេលនេះឥណ្ឌាមានអ្នកចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសចំនួន ៣ ៦១៩ ១៦៩ ករណី និងស្លាប់ចំនួន ៦៤ ៦១៧ ករណី៕

អត្ថបទ៖ភក្តី
ប្រភព៖ Channel News Asia