កូនតិរច្ឆាន! ខឹងខ្ចីលុយឪពុកម្តាយយកទៅទិញថ្នាំញៀនជក់មិនបាន យកដាវដេញកាប់អ្នកមានគុណតែម្តង
យោងតាមការបញ្ជាក់ពី អធិការដ្ឋានដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រើអំពើហិង្សាក្នុងគ្រួសារ និងគំរាមសម្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ១២ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨ និង៣០នាទី នៅភូមិអង្គក្រឡាញ់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ ហែម រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិឃុំខាងលើ បានប្រដាប់ដោយដាវបានដេញកាប់ឪពុកម្តាយ តែពួកគាត់បានរត់គេចខ្លួនរួច និងបានគំរាមថានឹងសម្លាប់ចោល។ មូលហេតុដោយជនសង្ស័យខឹងរឿងខ្ចីលុយឪពុកម្តាយយកទៅទិញថ្នាំញៀនជក់មិនបាន ។ ក្រោយកើតហេតុឪពុកម្តាយបានមកដាក់ពាក្យបណ្តឹងប្តឹងពីកូនឈ្មោះ ហែម រ៉ាវី អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។ ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចយើងបានឃាត់ខ្លួនឈ្មោះ ហែម រ៉ាវី បាននៅថ្ងៃ ៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩ និង៣០នាទីនៅភូមិ អង្គក្រឡាញ់ ឃុំ ជាងទង៕
ប្រភព៖ អធិការដ្ឋានដ្ឋាននគរបាលស្រុកត្រាំកក់