មានជនខិលខូចដើរផ្សព្វផ្សាយថា អាជីវករផ្សារច្បារអំពៅឈប់ទទួលយកប្រាក់១ដុល្លារ និង៥ដុល្លារ មុនសែនក្បាលទឹក ឥលូវគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅចេញមុខប្រកាសថា ក្រដាសប្រាក់ទាំងនោះអាចចាយបានធម្មតា (មានវីដេអូ)
រាជធានីភ្នំពេញ ៖ ពិធីសែនក្បាលទឹករបស់បងប្អូនប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិន នឹងមកដល់ឆាប់ៗនេះ ហើយនៅពេលបុណ្យនេះចូលមកដល់ទាំងជនជាតិចិន និងអ្នកជាប់សែស្រឡាយចិននៅតាមប្រទេសនានា បូករួមទាំងកម្ពុជា តែងប្រារព្ធតាមទម្លាប់ ដើម្បីសុំសុខសប្បាយ និងលាភសំណាង។ សម្រាប់ឆ្នាំ២០២០ ពិធីសែនក្បាលទឹក នឹងចូលមកដល់ នៅថ្ងៃទី០២ ខែកញ្ញា ជាទម្លាប់ គឺតែងតែមានជំនឿ និងរៀបចំសែនព្រេនតូច ធំ សុំសេចក្ដីសុខ ជោគជ័យ និងលាភនានា ជារៀងរាល់ឆ្នាំពីអ្នកស្លាប់ទៅផងដែរ។

តែឆ្នាំនេះមានជនខិលខូចដើរផ្សព្វផ្សាយថា អាជីវករផ្សារច្បារអំពៅ ឈប់ទទួលយកប្រាក់១ដុល្លារនិង៥ដុល្លារ ទើបគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ផ្សព្វផ្សាយដល់បងប្អូនអាជីវករលក់ដូរក្នុងផ្សារទាំងអស់ថា ត្រូវទទួលយកប្រាក់១ដុល្លារនិង៥ដុល្លារ ចាយជាធម្មតា មិនត្រូវជឿតាមការផ្សព្វផ្សាយ ពីជនខិលខូចមួយក្តាប់តូចនោះទេ ។
លោក គួច ចំណាន ប្រធានផ្សារច្បារអំពៅបានថ្លែងថា មានបងប្អូនប្រជាពលរដ្ឋលោកតែងរអ៊ូរទាំ ថា បងប្អូនអាជីវករលក់ដូរក្នុងផ្សារច្បារអំពៅ មិនទទួលយកក្រដាស់ប្រាក់១ដុល្លារនិង៥ដុល្លារ ។ ប៉ុន្តែធាតុពិតព័ត៌មាននេះ គឺ មិនពិតនោះទេ ។
លោកប្រធានផ្សារច្បារអំពៅបញ្ជាក់ថា ចាប់ពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ក្រុមគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានចុះផ្សព្វផ្សាយនេះតទៅ គឺ សូមអោយបងប្អូនអាជីវករលក់ដូរក្នុងផ្សារច្បារអំពៅទាំងអស់ ត្រូវទទួលយកប្រាក់ដុល្លារ១ដុល្លារនិង៥ដុល្លារ ជាធម្មតា ។ ក្នុងករណី មានជនណាម្នាក់មកឃោសនាថា មិនចាយទៀតនោះ សូមរាយការណ៍មកគណៈគ្រប់គ្រងផ្សារជាបន្ទាន់ ដើម្បីក្រុមការងារចាត់ការតាមផ្លូវច្បាប់ ។
ជាមួយគ្នានោះដែរ លោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានដឹកនាំចុះអនុវត្តការងារ ១.រៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅក្នុងផ្សារ និងផ្លូវជុំវិញផ្សារ។ ២.ផ្សព្វផ្សារអោយបងប្អូនអាជីវករ និងអតិថិជនទាំងអស់បង្ការការពារជំងឺឆ្លងកូវីដ១៩។ ៣.ផ្សព្វផ្សារអោយបងប្អូនចូលរូមវិចខ្ចប់ទុុកដាក់សំរាមអោយបានត្រឹមត្រូវ។ ៤.ផ្សព្វផ្សាយអោយចរាចរណ៍ក្រដាស់ប្រាក់ ១,២,៥ ដុល្លារធម្មតា។ ៥.ផ្សព្វផ្សាយអោយបងប្អូនអាជីវករ និងអតិថិជនមានការប្រុងប្រយ័ត្នគ្រឿងអលង្ការ និងវត្ថុមានតម្លៃផ្សេងៗ។ និងសូមបងប្អូនមានការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នា ជាពិសេសគឺជំងឺឆ្លងកូវិដ១៩” ៕

ដោយ៖ បងម៉េង ខ្មែរណូត