តារាសម្តែងល្បីឈ្មោះ Robert Pattinson តួអង្គថ្មីក្នុងរឿង Batman ត្រូវបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ ១៩
អង់គ្លេស៖ កំពូលតារាសម្តែងលំដាប់ពិភពលោកគឺលោក Robert Pattinson ត្រូវបានសារព័ត៌មាន Daily Mail រាយការណ៍ថា រូបគាត់ត្រូវបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ ១៩ ។ ប្រភពខាងលើបានបញ្ជាក់ថា ការធ្វើតេស្តវេជ្ជមានអំពីជំងឺកូវីដ ១៩ នៅក្នុងខ្លួនតារាសម្តែងវ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរូបគាត់ត្រលប់ទៅថតខ្សែភាពយន្ត Batman វគ្គថ្មីបានតែ ២-៣ថ្ងៃ ប៉ុណ្ណោះ។ ភ្លាមៗបន្ទាប់ពីការឃើញលទ្ធផលវិជ្ជមានខាងលើនេះ ខាងផលិតកម្មផលិតរឿង Batman បានសម្រេចផ្អាកសកម្មភាពថតរឿងមួយរយៈសិន ព្រោះតួអង្គសំខាន់ត្រូវទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈបុគ្គលិកដែលមានភាពស្និតស្នាលជាមួយតារារូបនេះមួយចំនួនទៀតត្រូវដាក់ឲ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពផងដែរ។

សូមបញ្ជាក់ថា លោក Robert Pattinson ជនជាតិអង់គ្លេសគឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងខ្សែភាពយន្ត Batman ហើយតាមគម្រោងខ្សែភាពយន្តដែលចាយដើមទុនផលិតជាង ១០០ លានដុល្លារនេះនឹងត្រូវដាក់បញ្ជាំងនៅតាមរោងកុនក្នុងខែ តុលា ឆ្នាំ ២០២១ ខាងមុខនេះ។ យ៉ាងណាក្តី បើយោងតាមស្ថានភាពជាក់ស្ដែងដែលការផលិតរឿងត្រូវបានផ្អាកដូចនេះ ការបរិច្ឆេតដាក់បញ្ចាំងខ្សែភាពយន្តនេះក៏អាចនឹងត្រូវពន្យាពេលផងដែរ។ សូមបញ្ជាក់ផងដែរថា កន្លងមកមិនមែនមានតែខ្សែភាពយន្តរឿង Batman ទេដែលត្រូវពន្យាពេលថតនោះ តែជាក់ស្តែងមានខ្សែភាពយន្តហូលីវូតនិងខ្សែភាពយន្តចិនជាច្រើនត្រូវផ្អាកការថត ឬលុបចោលការថតតែម្តងព្រោះវិបត្តិនៃជំងឺកូវីដ ១៩ ខណៈខាងផលិតកម្មត្រូវប្រឈមនឹងការខាតបង់ប្រាក់ជាច្រើនផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ Daily Mail