Google Pixel 3 អាចនឹងមានកាមេរ៉ាក្រោយមួយដដែល តែកាមេរ៉ាមុខពីរវិញ ឯសមត្ថភាពមិនចាញ់ស្មាតហ្វូនកាមេរ៉ាច្រើនឡើយ
- May 31, 2018
ជាការពិតណាស់ ក្នុងឆ្នាំនេះស្មាតហ្វូនកំពូលៗជាច្រើនត្រូវបានចេញលក់ជាសាធារណៈលើទីផ្សារហើយ ចំណែកឯ Google Pixel 3 វិញអាចនិយាយបានថា ជាម៉ូដែលកំពូលមួយដែរ ដែលអ្នកនិយមគាំទ្រស្មាតហ្វូន Android ភាគច្រើនចង់ឃើញ និងស្គាល់។ ដោយឡែក យ៉ាងហោចណាស់យើងទាំងអស់គ្នាតម្រូវឲ្យរងចាំរយៈពេលច្រើនខែទៀតទម្រាំ Pixel 3 និង Pixel 3 XL ប្រកាសចេញលក់ ប៉ុន្ដែយើងនៅតែទទួលបានការបែកធ្លាយដដែល។

យោងតាមសារពត៌មានចុងក្រោយបង្អស់របស់គេហទំព័រ Bloomberg បានលើកឡើងថា ជាមួយនឹងលក្ខណៈពិសេសនៃស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Google នេះ យើងនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្ដែយើងប្រាកដថា ក្រុមហ៊ុន Google នឹងសហការជាមួយនឹងក្រុមហ៊ុន Foxconn ដើម្បីផលិតស្មាតហ្វូននេះឡើង។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Pixel ដំបូងឡើយត្រូវបានផលិតឡើងដោយក្រុមហ៊ុន HTC ហើយម៉ូដែល XL ផលិតឡើងដោយក្រុមហ៊ុន LG។ ប៉ុន្ដែសម្រាប់លើកនេះ ក្រុមហ៊ុន Google មានបំណងសង្កត់ធ្ងន់បន្ដិចលើគុណភាព និង Hardware ទើបក្រុមហ៊ុននេះសម្រេចសហការជាមួយនឹងក្រុមហ៊ុន Foxconn។
យោងតាមការបែកធ្លាយមួយចំនួនបានលើកឡើងថា កំពូលស្មាតហ្វូន Google Pixel 3 XL នឹងមានអេក្រង់លាតស្ទើរគ្មានគែម ជាមួយនឹងក្បាលឆកនៅខាងលើផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្បាលឆកនោះនឹងទទួលបានកាមេរ៉ាភ្លោះ ពោលគឺកាមេរ៉ាមុខពីរសម្រាប់ដំណើរការថត selfie។ ចំណែកឯផ្ទៃខាងក្រោមដែលនៅសល់ គឺជាទីតាំងរបស់ឧបករណ៍បំពងសម្លេង។
ទោះជាយ៉ាងណា Pixel 3 XL នៅតែរក្សាកាមេរ៉ាក្រោយមួយដដែល។ ប៉ុន្ដែជាមួយនឹងកាមេរ៉ាតែមួយនេះ ក្រុមហ៊ុន Google បាននាំយកមុខងារជាច្រើនដូចជា Portrait mode ដែលមានសមត្ថភាពធ្វើឲ្យផ្ទៃខាងក្រោយរូបភាពព្រាល មកបំពាក់លើស្មាតហ្វូនខ្លួន។ អាចនិយាយបានថា កាមេរ៉ាតែមួយរបស់ Pixel 3 XL មានសមត្ថភាពដូចគ្នាទៅនឹងកាមេរ៉ាភ្លោះរបស់ស្មាតហ្វូន Android មួយចំនួនទៀតដែរ។

Fu
ប្រភព៖ beebom
- Share This Post:






