ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីក្បែរ ១០០,០០០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈករណីសរុបកើនដល់ ៤.៤លាននាក់

    BY autoadmin September 10, 2020
    ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីក្បែរ ១០០,០០០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈករណីសរុបកើនដល់ ៤.៤លាននាក់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសឥណ្ឌាមានការកើនឡើងទាំងចំនួនករណីថ្មី និងការស្លាប់ដោយសារជំងឺ COVID-19 នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ខណៈករណីសរុបកើនឡើងដល់ ៤.៤លាននាក់ និងការស្លាប់សរុបកើនដល់ ៧៥,០០០ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ឥណ្ឌាបានកត់ត្រាអ្នកឆ្លងថ្មីចំនួន ៩៥,៧៣៥ នាក់ និងមានអ្នកស្លាប់បន្ថែម ១,១៧២ នាក់ ដែលចំនួនស្លាប់ចុងក្រោយនេះក៏ជាតួលេខច្រើនបំផុតមួយផងដែរ។ ការឆ្លងកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសឥណ្ឌាជាងនៅទីណាទាំងអស់ក្នុងពិភពលោក ប៉ុន្តែសហរដ្ឋអាមេរិកនៅតែជាប្រទេសតែមួយគត់ដែលមានករណីច្រើនជាងគេបំផុត។

    ខណៈដែលទីតាំងនៃការឆ្លងរាលដាលខ្លាំងបំផុតគឺជាប្រទេសឥណ្ឌា វានៅតែគ្មានសញ្ញាណាមួយបង្ហាញថា ការឆ្លងរាលដាលបានឈានដល់កំពូល ហើយនឹងចុះថយទៅវិញនោះឡើយ។ ឥឡូវនេះឥណ្ឌាបានបើកទ្វារបារឡើងវិញកាលពីថ្ងៃពុធ ខណៈបន្ដរាយការណ៍ពីករណីថ្មីៗច្រើនឡើងៗជារៀងរាល់ថ្ងៃ។ វាក៏កំពុងកត់ត្រានូវចំនួនអ្នកស្លាប់ច្រើនជាងប្រទេសដទៃទៀតផងដែរ ពោលគឺជាមធ្យមការស្លាប់ប្រចាំថ្ងៃមានជាង ១,០០០ នាក់ ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ។ យោងតាមការគណនារបស់រ៉យទ័រដោយផ្អែកលើទិន្នន័យពី ២ សប្តាហ៍ចុងក្រោយនេះ ជាមធ្យមមានមនុស្សជាង ៥,៦០០នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ជារៀងរាល់ថ្ងៃ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: