អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមគ្នាថែរក្សាបរិស្ថាន និងដាំដើមឈើ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាង២០០នាក់ បានរួមគ្នាដាំដើមឈើប្រមាណ១៤០០ដើម អមសងខាងផ្លូវបេតុង៧០B ប្រវែង៧០០០ម៉ែត្រ ក្នុងខេត្តកំពង់ចាម ដែលផ្លូវនេះសរុបមានប្រវែង១៦គីឡូម៉ែត្រជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។ ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាស៍ថា ក្នុងគោលដៅ រក្សារការពារព្រៃឈើនិងបរិស្ថានរុក្ខទិវាត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ លេខ ៧៣៨ សន ថ្ងៃទី៨ខែសីហានៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ ហើយអង្គការសហប្រជាជាតិបាន បង្កើតទិវាបរិស្ថានពិភពលោកក្នុងឆ្នាំ១៩៧២ ក្នុងការបំផុលគំនិតប្រជាពលរដ្ឋឲ្យស្រលាញ់បរិស្ថានរបស់យើង។ នាពេលបច្ចុប្បន្ននេះផងដែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាក៏បានកំនត់យកថ្ងៃ ៥មិថុនានេះជា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ដើម្បីបន្តការថែរក្សាព្រៃឈើដែលជាប្រយោជន៍សង្គមដ៏សំខាន់។
លោកបានមានប្រសាស៍ថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែចូលរួមរក្សាបរិស្ថាន និងតែងតែចូលរួមសកម្មភាពសង្គម ដូចជាការសាងសង់ផ្លូវ ព្រះវិហារ និង សាលារៀន នាស្រុកសន្ធរ ខេត្តកំពង់ចាមនេះតែម្តង។ រួមទាំងបុគ្គលិករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីដាំដើម ឈើនេះផងដែរ។
ថ្លែងក្នុងខណៈនោះផងដែរ លោក អ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស តំណាងឲ្យក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាស៍ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចូលរួមកម្មវិធីដាំដើមឈើក្នុងឱកាសទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក៥មិថុនានៅស្រុកស្រីសន្ធរខេត្តកំពង់ចាមនេះ។ លោក អ៊ុក វីឡា បានថ្លែងបន្តទៀតថា ជារៀងរាល់ឆ្នាំថ្ងៃទី៥ខែមិថុនា ប្រទេសនានាជាង១៤០ប្រទេសទូទាំងពិភពលោក នាំគ្នាប្រារព្វទិវាបរិស្ថានពិភពលោក ដែលទិវានេះត្រូវបាន ជំរុញឲ្យមានការយល់ដឹងពីបញ្ហាបរិស្ថាននានា ដូចជាបញ្ហាបំពុលក្នុងសមុទ្រ បម្រែបម្រួលអាកាសធាតុ ការថយចុះនៃព្រៃឈើ និង បង្វែរចំណាប់អារម្មណ៍ឲ្យយើងគ្រប់គ្នាចូលរួមសកម្មភាពថែរក្សានិងការពារបរិស្ថានឲ្យមាននិរន្តរភាពសំរាប់យើងទាំងអស់គ្នានិងកូនចៅជំនាន់ក្រោយ។

ស្របជាមួយការផ្ដួចផ្តើមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំផែនការយុទ្ធសាស្ត្របរិស្ថាន ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍមួយដែលប្រកបដោយនិរន្តរភាព។ ក្នុងនោះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាការពារបរិស្ថាន ជាពិសេស បរិស្ថានក្នុងគម្រោងបុរីដោយបានដាំដើមឈើជាច្រើនប្រភេទ និង មានសួនព្រមទាំងលំហបៃតងធំៗជាច្រើនដែលផ្ដល់ភាពស្រស់ស្រាយនិងបរិយាកាសរស់នៅល្អដល់ប្រជាជនក្នុងគម្រោង និង បានចូលរួមលើកកំពស់ទីក្រុងស្អាត។ «ផឹកទឹកនឹកដល់ប្រភព បើបានជ្រកម្លប់សូមនឹកដល់អ្នកដាំ» នេះជាប្រសាស៍ផ្ទាល់របស់ស្ថាបនិកក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានលើកឡើងដោយលោក អ៊ុក វីឡា នាថ្ងៃនោះបានសរបញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរីកចំរើនរហូតដល់សព្វថ្ងែនេះ ក្រុមហ៊ុនតែងជានិច្ចកាលចែករំលែក និងចូលរួមអភិវឌ្ឍសង្គមតាមរយៈសកម្មភាពមនុស្សធម៏ផ្សេងៗដូចជា ការកសាងព្រះវិហារនិងផ្លូវថ្នល់កាលពីពេលថ្មីៗនេះផងដែរ។ ក្នុងនោះផងដែរក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានឧបត្ថមជាសម្ភារៈសិក្សាដល់សាលាចំនួន៤ក្នុងស្រុកស្រីសន្ធរ ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតជូនដល់សាលាស្រុក។

លោក អ៊ុក វីឡា បានមានប្រសាស៍ថ្លែងអំណរគុណដល់ ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម, លោក ស៊ីម គង់អភិបាលនៃគណៈអភិបាលស្រុក, លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សសាលា និង បងប្អូនប្រជាពលរដ្ឋ ព្រមទាំងសង្ឃឹមថាបងប្អូននឹងជួយថែរក្សានិងបន្តដាំដើមឈើលំអរតាមដងផ្លូវនេះដើម្បីបានជាសោភ័ណភាពនិង ជាម្លប់ដល់អ្នកធ្វើដំណើរទាំងឡាយ។ ជាចុងក្រោយសូម ជូនពរអ្នកទាំងអស់គ្នាឲ្យទទួលបានពុទ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ។





