ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទើបផ្ទេរមកកាន់តំណែងមេប៉ុស្តិ៍ច្បារអំពៅ២ថ្មី ដឹកនាំកម្លាំងចេញល្បាត ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ដកហូតថ្នាំ១៩កញ្ចប់ នៅប្លុកដែលល្បីថាសំបូរគ្រឿងញៀន ក្នុងភូមិដើមចាន់

    BY Khmernote Media October 2, 2020
    ទើបផ្ទេរមកកាន់តំណែងមេប៉ុស្តិ៍ច្បារអំពៅ២ថ្មី ដឹកនាំកម្លាំងចេញល្បាត ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ដកហូតថ្នាំ១៩កញ្ចប់ នៅប្លុកដែលល្បីថាសំបូរគ្រឿងញៀន ក្នុងភូមិដើមចាន់

    រាជធានីភ្នំពេញ ៖ ទីតាំងដែលល្បីមិនដាច់ពីមាត់ថាសំបូរទៅដោយគ្រឿងញៀនដុះស្លែរ ពេលនេះត្រូវបានលោកនាយប៉ុស្តិ៍ច្បារអំពៅ២ ទើបមកកាន់តំណែងថ្មី ដឹកនាំកម្លាំងល្បាតបានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២នាក់ បន្ទាប់ពីឆែករកឃើញថ្នាំញៀន ១៩កញ្ចប់ថង់តូច រួចយកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍តែម្ដង។

    ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីវេលាម៉ោង០៦:០០នាទីល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    ជនសង្ស័យចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះដូចជា ទី១.ឈ្មោះ វែង វ៉ាន់ដេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ទី២.ឈ្មោះ ហេង សាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិដ។មចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន១៩កញ្ចប់ថង់តូច ។

    បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី អុំ រតនា ទើបផ្ទេរភារកិច្ចពីនាយប៉ុស្តិ៍ចាក់អង្រែលើ មកកាន់តំណែងជានាយប៉ុស្តិ៍ច្បារអំពៅទី២ថ្មី បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក ម៉ៅ សឺត អធិការខណ្ឌច្បារអំពៅ បានដាក់ផែនការអោយកម្លាំងប៉ុស្តិ៍ទាំងអស់ និងគ្រប់ផ្នែកសហការគ្នា បង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីពង្រឹងកិច្ចការការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងប៉ុស្តិ៍ច្បារអំពៅទី២ ចេញល្បាតក្នុងមូលដ្ឋានពេលមកដល់ចំណុចផ្លូវលំកន្លែងដែលឃាត់ខ្លួនខាងលើ ក៏ប្រទះឃើញជនសង្ស័យចំនួន២នាក់ ឈ្មោះកំពុងឈរតាមផ្លូវ ដោយមានអាការៈគួរអោយសង្ស័យ ក៏សុំត្រួតពិនិត្យ រកឃើញមានក្រាមសថ្លាចំនួន១៩កញ្ចប់ថង់តូច(សង្ស័យជាគ្រឿងញៀន) ទើបធ្វើការឃាត់ខ្លួនយកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ច្បារអំពៅទី២ តែម្ដង។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរបានឆ្លើយសារភាពថា វត្ថុតាងក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)ខាងលើ ដែលសមត្ថកិច្ចចាប់ដកហូត ពិតជារបស់ពួកគេពិតប្រាកដមែន ។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: