កូវីដ-១៩

អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហើបថា គាត់ធ្លាប់បានឆ្លងជំងឺកូវីដ១៩

BY
autoadmin
October 3, 2020

អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា គាត់បានសម្រាកនៅមន្ទីរពេទ្យប្រហែលជា ២សប្តាហ៍ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺ COVID-19 នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។ ព័ត៌មានអំពីជំងឺរបស់គាត់បានចាប់ផ្តើមសាយភាយ បន្ទាប់ពីប្រធានាធិបតីអាមេរិក និងលោកជុំទាវទី១ បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 នេះ។

អ្នកនាំពាក្យរបស់ត្រកូល ស៊ីណាវ៉ាត្រា បានរាយការណ៍កាលពីថ្ងៃសុក្រថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលមានវ័យ ៧១ឆ្នាំ និងជាមហាសេដ្ឋីមានទីលំនៅនៅឌូបៃក្នុងប្រទេសអារ៉ាប់រួម បានឆ្លងជំងឺ COVID-19 កាលពីចុងខែសីហា នៅពេលដែលគាត់បានតេស្ដខ្លួនឯងជាមួយនឹងឧបករណ៍បច្ចេកវិទ្យាខ្ពស់ ដែលផលិតដោយក្រុមហ៊ុនដែលគាត់គឺជាអ្នកវិនិយោគ។ អ្នកនាំពាក្យបានបន្ថែមថា លោក ថាក់ស៊ីន មានអាការស្រាល ដោយមានការកណ្ដាស់ និងគ្រុនតិចតួច។

ក្រោយធ្វើតេស្ដដោយខ្លួនឯងឃើញថាវិជ្ជមានជាមួយ COVID-19 លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទៅមន្ទីរពេទ្យនៅឌូបៃ ហើយលទ្ធផលរបស់ពេទ្យនៅទីនោះបញ្ជាក់ថា គាត់ពិតជាបានឆ្លងជំងឺ ដូចគ្នានឹងលទ្ធផលផ្ទាល់ខ្លួនរបស់គាត់។ លោក ថាក់ស៊ីន បាននិយាយថា ប្អូនស្រីរបស់គាត់គឺអ្នកស្រី យីងឡាក់ និងយ៉ាវ៉ាផា កំពុងនៅដាច់ដោយឡែក ហើយតេស្ដអវិជ្ជមានសម្រាប់ជំងឺនេះនៅឡើយទេ។ លោកក៏បានសង្ស័យដែរថា លោកទំនងជាបានឆ្លងជំងឺនៅពេលចេញទៅពិសារអាហារ ហើយមិនបានលាងដៃឱ្យបានស្អាត ព្រោះជាធម្មតាគាត់បានពាក់ម៉ាស់ត្រឹមត្រូវ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: