សូមប្រយ័ត្ន! ប្រព័ន្ធសម្ពាធទាបនឹងលាតសន្ធឹងឆ្លងកាត់លើកម្ពុជា អាចធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនថ្ងៃ ចាប់ពីថ្ងៃស្អែកទៅ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែតុលា បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបនឹងលាតសន្ធឹងឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនិងវិសម្ពាធទាបសកម្មមួយនៅលើ សមុទ្រចិនខាងត្បូង។ តាមការវិភាគនិងព្យាករណ៍ សម្ពាធទាបសកម្ម ដែលនៅលើសមុទ្រចិនខាងត្បូងនោះ នឹងវិវត្តជាបន្តបន្ទាប់ជាវិសម្ពាធ (Tripical Depression) ឬជាព្យុះ (Tropical Storm) ដោយដើរដល់លើភាគខាងត្បូងរៀតណាម នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ដែលធ្វើឲ្យអាកាសធាតុមានការប្រែប្រួលដូចខាងក្រោម៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ
ភ្លៀងនឹងបង្កើនធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ នៅថ្ងៃទី០៧-០៩ ខែតុលា បណ្តារាជធានីខេត្តភាគខាងត្បូង និងខាងកើតជាប់វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៦-២៩អង្សាសេ ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្អួរ។

៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ នៅថ្ងៃទី០៧-០៩ ខែតុលា នឹងអាចមានភ្លៀងធ្លាក់ច្រើន
ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ដែលអាចកើតមានជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ ជួរភ្នំ និងនៅតំបន់មាត់សមុទ្រ។ ជាមួយគ្នានោះ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗចាប់ពីថ្ងៃទី០៧-០៩ ខែតុលា៕
