សម្តេចតេជោហ៊ុន សែន ធ្វើការសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិ ដោយសារកំហុសដោយអចេតនាគឺការប្រើវ៉ែនតាពណ៌ខ្មៅក្នុងពេល ដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែ
នាវេលាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេសចាកចេញទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្តេចគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះក៏មានការយាង និងអញ្ជើញថ្វាយព្រះរាជដំណើរដោយ ព្រះរាជវង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ។

មុននេះបន្តិចសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន បង្ហោះធ្វើការសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិ ដោយសារកំហុសដោយអចេតនាគឺការប្រើវ៉ែនតាពណ៌ខ្មៅក្នុងពេល ដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែ។ សម្តេចតេជោបានសរសេរលើហ្វេសបុកផ្លូវការថា៖ ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៌ខ្មៅក្នុងពេល ដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាង ចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះពោចិនតុង។ នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែ ដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបាន ដូរវ៉ែនតាសជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជ ទោសចំពោះព្រះអង្គទាំងទ្វេនិងសូម អភ័យទោសពីបងប្អូនជនរួមជាតិចំពោះ កំហុសដោយអចេតនានេះ៕



