ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សិប្បកម្មផលិតតៅហ៊ូ “យ៉ាង លីអ៉ី Yang Li Yi Tofu” ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ សហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យ

    BY Khmernote Media October 6, 2020
    សិប្បកម្មផលិតតៅហ៊ូ “យ៉ាង លីអ៉ី  Yang Li Yi Tofu” ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ សហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យ

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃច័ន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតឲ្យឆែកឆេរលេខ១៧១ អ.យ.គ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ របស់លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយឧត្ដមសេនីយ៍ទោ សុខ សុមនោ អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក សហការជាមួយកម្លាំងអាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតតៅហ៊ូមួយកន្លែងយីហោ “យ៉ាងលីអ៉ី Yang Li Yi Tofu” ដែលមានអាស័យដ្ឋានផ្ទះលេខ៦២៣ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ដែលមានការចូលរួម លោកឧត្ដមសេនីយ៍ទោ មួង ឬទ្ធី អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក។ លោកឧត្ដមសេនីយ៍ទោ មាន កុត្តរា អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក។ លោកវរសេនីយ៍ឯក អ៊ន លុច នាយការិយាល័យ(ក៥) នៃលេខាធិការដ្ឋាន គ.ប.ផ.ក។ លោកស្រីវរសេនីយ៍ទោ អ៊ន ផល្លី នាយរងការិយាល័យ(ក១) នៃលេខាធិការដ្ឋាន គ.ប.ផ.ក។ លោក គ្រី គឹមឃាន់ ក្រឡាបញ្ជី។ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ។ លោកវរសេនីយ៍ទោ ឃុន រតនា អធិការរងខណ្ឌមានជ័យ។ លោកស្រី សឹង មុំ ចៅសង្កាត់ស្តីទីសង្កាត់ស្ទឹងមានជ័យទី១។ លោកអនុសេនីយ៍ឯក សុត ឌីណា នាយរងប៉ុស្តិ៍ស្ទឹងមានជ័យទី១។ លោកស្រី ប៉ិច សំណាង មេភូមិទ្រា២។ លោកអនុសេនីយ៍ឯក ស៊ុយ គឹមហាត មន្រ្តីលេខាធិការដ្ឋាន គ.ប.ផ.ក។ លោកអនុសេនីយ៍ឯក សៅ ប៊ី មន្រ្តីលេខាធិការដ្ឋាន គ.ប.ផ.ក។ លោកស្រីអនុសេនីយ៍ឯក ធន់ ណារិន មន្រ្តីលេខាធិការដ្ឋាន គ.ប.ផ.ក។ លោកអនុសេនីយ៍ត្រី អ៊ូ ធារិទ្ធ មន្រ្តីមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ម.ព.ផ.ក។ លោកអនុសេនីយ៍ត្រី ខាន់ សិរីវឌ្ឍ មន្រ្តីមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ម.ព.ផ.ក។

    ខណៈពេលដែលក្រុមការងារចុះទៅដល់ទីតាំងខាងលើ ដែលមានម្ចាស់ទីតាំងឈ្មោះ ចាំង សុខហ៊ុង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បានយល់ព្រមផ្តិតមេដៃលើលិខិតអនុញ្ញាតឲ្យឆែកឆេរលេខ១៧១ អ.យ.គ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ របស់លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

    ជាលទ្ធផលនៃការចុះឆែកឆេរកម្លាំងមន្ត្រីជំនាញបានរកឃើញថា ទីតាំងសប្បិកម្មខាងលើមិនអនុលោមទៅតាមច្បាប់កំណត់មាន ៧ចំណុច ដូចជា៖
    ១.មិនមានដាក់អក្សរខ្មែរនៅលើផលិតផលចំនួន ៧មុខ
    ២.នៅលើសម្បកវិចខ្ជប់ផលិតផលស្លាកសញ្ញា ច.ប.ផ ស្ទួនគ្នាក្នុង ១ឃ្លាសញ្ញា ច.ប.ផ ៩មុខ
    ៣.សង្ស័យមានសារធាតុគីមីខុសច្បាប់
    ៤.មិនមានវិញ្ញាបនបត្របញ្ជាក់គុណភាពផលិតផល (ពុំដែលយកទៅពិនិត្យរាល់ ៣ខែម្តងដូចច្បាប់បានកំណត់)
    ៥.មិនបានសុំចុះបញ្ជីរផលិតផល ច.ប.ផ ចំនួន ២មុខ
    ៦.មិនមានកំណត់កាលបរិច្ឆេទលើផលិតផលចំនួន ១មុខ
    ៧.ទីតាំងផលិតមិនមានអនាម័យ និងយកផលិតផល CASTIC SODA FCAKE មកលាង សម្ភារៈឧបករណ៍ផលិត ។

    ក្រោយពីការចុះត្រួតពិនិត្យរួចមក គណៈកម្មាធិការចម្រុះ ពិនិត្យឃើញថា សិប្បកម្មផលិតតៅហ៊ូ យ៉ាង លីអ៉ី មិនអនុលោមទៅតាមច្បាប់កំណត់។ ពុំមានសេចក្ដីសម្រេច ស្តីពីការបើកគ្រឹះស្ថាន អាហរណ៍ នីហរណ៍ ផលិតផលគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាល។ ចំពោះផលិតផលដែលបានរកឃើញ គណៈកម្មាធិការចម្រុះ បានសម្រេចរក្សាទុកវត្ថុតាងទាំងអស់នៅទីតាំងដដែលជាបណ្តោះអាសន្ន។ ដកហូតផលិតផលមួយចំនួន សំរាប់ធ្វើសំណាក។ គណៈកម្មាធិការបានបញ្ឈប់កំណត់ហេតុនៅវេលាម៉ោងដប់បួន និងសាមសិបនាទី ថ្ងៃខែឆ្នាំដដែរ និងបានអានកំណត់ហេតុ អោយសមាសភាពចូលរួម និងម្ចាស់ទីតាំងស្តាប់ ឃើញថាពិតជាត្រឹមត្រូវ ហើយយល់ព្រមចុះហត្ថលេខា និងផ្តិតមេដៃជាមួយ។

    គួររំលឹកបន្ថែមផងដែរថា ទីតាំងខាងលើនេះកន្លងទៅធ្លាប់ត្រូវបានកម្លាំងជំនាញដដែលខាងលើធ្លាប់ចុះធ្វើការឆែកឆេរទ្រង់ទ្រាយធំម្តងរួចទៅ ហើយប្រមាណ ១ឆ្នាំមុន ដោយសង្ស័យលើការផលិតតៅហ៊ូខុសច្បាប់។ ក្រោយការឆែកឆេររួចកម្លាំងចម្រុះក៏ពុំបានផ្តល់ព័ត៌មានអ្វីទាំងអស់ មកកាន់អ្នកសារព័ត៌មាឡើយ ពោលកាលនោះ គឺពុំដឹងពីលទ្ធផលច្បាស់លាស់អំពីដំណើរការនៃការចុះឆែកឆេរឡើយគ្រាន់តែប្រភពព័ត៌មានបង្ហើបថា គឺចុះពិនិត្យលើគុណភាពតៅហ៊ូ និងពិនិត្យលើច្បាប់ទម្លាប់អាជីវកម្មប៉ុណ្ណោះ ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: