ស្រីស្អាតបើករថយន្តលឿនជ្រុលបុកគូទកង់បីឥណ្ឌា និងខ្ទាតឡើងទៅបុករទេះនំ បណ្ដាលឲ្យមនុស្ស២នាក់រងរបួស
រាជធានីភ្នំពេញ៖ នារីរូបស្រស់ម្នាក់ បើករថយន្ត CAMRY 2Q-2374 លឿនពេកទៅបុកគូទកង់បីឥណ្ឌា ដែលឈប់ចតស្ងៀមលើផ្លូវ រងចាំដឹកភ្ញៀវ ខ្ទាតឡើងទៅបុក រទេះលក់នំ បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ និងរបួសមនុស្សប្រុសស្រី២នាក់ ភ្លាមៗនោះរថយន្តមិនបានឈប់ទេ បានបើកចេញពីកន្លែងកើតហេតុ ទៅដល់មុខផ្ទះសំណាក់មួយកន្លែង ដោយមានអ្នកបើកកង់បីឥណ្ឌាទៅជាមួយដែរ ដើម្បីចរចាគ្នា ហើយអ្នកសារព័ត៌មានយើងបានចុះទៅLive និងតាមទៅទាន់បានសាកសួរ ស្រាប់តែម្ចាស់រថយន្តបង្កបានហាមមិនអោយយើង Live បើសិនជាហ៊ានថតផ្សាយច្បាស់ជាមានរឿងជាមួយនាងមិនខាន ហើយបុរសម្នាក់ទំនងជាសង្សារម្ចាស់រថយន្តបានចេញមកនិយាយថា អ្នកសារព័ត៌មាន Live ចង់បានលុយមែន?

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្សារសូរិយាម៉ល លើផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតបានអោយដឹងថា ជារៀងរាល់យប់ តែងតែឃើញកង់បីឥណ្ឌា មកឈប់លើដងផ្លូវ បន្តបន្ទាប់គ្នា និងមានរទេះលក់ដូរមកឈប់ដាក់លក់អែបចិញ្ចើមផ្លូវក្បែរកន្លែងកើតខាងលើនោះដែរ លុះមកដល់ម៉ោងកើតហេតុខាងលើ គេឃើញកង់បី ឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID-3811 មកឈប់ចតស្ងៀមចោលអែបចិញ្ចើមផ្លូវ នៅមុខហាងស្រា មួយកន្លែង លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែមាននារីរូបស្រស់វ័យក្មេងម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកកាម៉ារី (TOYOYA CAMRY) ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ2Q-2374 តាមផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកប៉ះ កង់បីឥណ្ឌា ដែលឈប់ចតអែបចិញ្ចើមផ្លូវខាងលើនោះ បណ្ដាលឲ្យរុញទៅបុក រទេះលក់នំមួយទៀត បណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់ប្ដីប្រពន្ធ ជាអ្នកលក់នំ រងរបួសមធ្យមទាំងពីរនាក់តែម្ដង និងខ្ទាតសម្ភារៈ លក់នំ រាយប៉ាយពេញថ្នល់ ចំណែកកង់បីឥណ្ឌារងការខូចខាតផ្នែកខាងក្រោយ។

ប្រភពបន្ថែមថា ភ្លាមៗនោះរថយន្តមិនបានឈប់ទេ បានបើកចេញពីកន្លែងកើតហេតុ ទៅដល់មុខផ្ទះសំណាក់មួយកន្លែង ដោយមានអ្នកបើកកង់បីឥណ្ឌាទៅជាមួយដែរ ដើម្បីចរចាគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានយើងបានចុះទៅ Live ហេតុការណ៍នោះដែរ ខណៈពេលអ្នកយកព័ត៌មានយើងកំពុងសួរនាំបុរសម្នាក់ដែលជាម្ចាស់រទេះបានបន្តិច ក៏មានប្រជាពលរដ្ឋ២នាក់ជិះម៉ូតូឌុបគ្នា មកស្រែកប្រាប់ម្ចាស់រទេះថាពួកគាត់បានប្រទះឃើញរថយន្តបង្ក ចតនៅមុខផ្ទះសំណាក់មួយកន្លែងយីហោសុបិន្ត ស្ថិតលើផ្លូ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ទើបគាត់ឡើងជិះម៉ូតូតាមទៅរកម្ចាស់រថយន្តដើម្បីដោះស្រាយ ព្រោះប្រពន្ធរបស់គាត់បានទៅមន្ទីរពេទ្យហើយ ។
ជាមួយគ្នានេះដែរ អ្នកយកព័ត៌មានយើងក៏បានតាមទៅកន្លែងប្រទះឃើញរថយន្តនោះដែរ ហើយក៏បានចូលទៅបំណងសាកសួរនាំ តែមិនទាន់បានសួរផង ស្រាប់តែនារីរូបស្រស់ម្ចាស់រថយន្តបង្កបានហាមមិនអោយយើង Live ថតរថយន្តរបស់នាង និងថតរូបរបស់នាងឡើយ ដោយបញ្ជាក់ថាបើសិនជាហ៊ានថតផ្សាយច្បាស់ជាមានរឿងជាមួយនាងមិនខាន ហើយចង់ប្ដឹងថែមទៀតផង អ្នកយកព័ត៌មានយើងក៏បានប្រាប់ថា បើមិនអោយយើងថតក៏យើងមិនទៅបំពានសិទ្ធអ្នកនាងដែរ ហើយក៏ទុកអោយអ្នកនាងដោះស្រាយជាមួយភាគីរងគ្រោះ ដោយសន្តិវិធីផងដែរ តែបុរសម្នាក់ទំនងជាសង្សារម្ចាស់រថយន្ត បានដើរមកនិយាយផ្លែផ្កាថា អ្នកសារព័ត៌មាន Live ចឹងចង់បានលុយមែន? ។ ទោះជាយ៉ាងណាក៏ដោយអ្នកសារព័ត៌មានយើងក៏បានតបសម្ដីទៅវិញបន្តិចបន្តួចដែរ ព្រោះយល់ថាគាត់ជាស្ត្រី។
ក្រោយពេលកើតហេតុ បុរសម្នាក់ទំនងជាសង្សារនារីរូបស្រស់ម្ចាស់រថយន្តបង្កបានកៀកករនាងចូលទៅក្នុងផ្ទះសំណាក់បាត់ និងមិត្តភ័ក្តិបុរសម្នាក់នោះ បានហៅម្ចាស់កង់បីឥណ្ឌា និងបុរសរងគ្រោះចូលទៅចរចាគ្នាដោយលាក់បាំងសូម្បីតែសំណងប៉ុន្មាន ក៏មិនប្រាប់អោយដឹងដែរ ហើយភាគីខាងរងគ្រោះបានចេញមកក្រៅរួចត្រលប់ទៅកន្លែងកើតហេតុវិញម្ដងម្នាក់ៗ ដោយមិនរំខានសមត្ថកិច្ចខណ្ឌដូនពេញចុះមកដល់ផ្ទះសំណាក់នោះសួរនាំអ្វីទៀតឡើយ ៕










អត្ថបទ៖ បងម៉េង ខ្មែរណូត