ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុសម្រេចបានជាង២៦ភាគរយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុនឹងចប់រួចរាល់ជាស្ថាពរនៅត្រឹមខែកញ្ញា ឆ្នាំ២០២២ តាមផែនការដែលបានកំណត់។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ហានៃការរាតត្បាតជំងឺកូវីដ១៩ មិនបានធ្វើឱ្យ ប៉ះពាល់ដល់គម្រោងស្ថាបនាផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជានេះទេ ដោយក្រុមជំនាញ បាននិងកំពុងយកចិត្តទុកដាក់អំពីកិច្ចការសាងសង់ឱ្យចប់តាមផែនការ ខណៈរាជរដ្ឋាភិបាលបាននិងកំពុងចរចាជាមួយក្រុមហ៊ុនវិនិយោគមួយទៀត សម្រាប់គម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងបាវិត ជាប់ព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម។

បើតាមការបញ្ជាក់បន្ថែមពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែតុលានេះ បានឱ្យដឹងថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ ការស្ថាបនាផ្លូវល្បឿនលឿននេះ សម្រេចបាន ២៦,១១ភាគរយហើយ។ លោកបញ្ជាក់ថា ក្រុមហ៊ុនសាងសង់បាននិងកំពុងអនុវត្តន៍គម្រោង ដោយចែកក្រុមការងារគ្នាសាងសង់ជា៥កំណាត់លើប្រវែងផ្លូវសរុប។ ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។

គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញ ប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩,៨៩ គីឡូម៉ែត្រ។ តាមគម្រោង ផ្លូវល្បឿនលឿននេះ មានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

នៅលើកំណាត់ផ្លូវនេះ នឹងត្រូវសាងសង់លូគ្រប់ប្រភេទចំនួន២៦៣កន្លែង ស្ពានតូចចំនួន៥កន្លែងមានប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំនិងស្ពានមធ្យមចំនួន៨០កន្លែងមានប្រវែងសរុប៦.០១៥ម៉ែត្រ។ ជាមួយគ្នានេះ ក៏មានការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន៧កន្លែង ផ្លូវប្រសព្វចំនួន២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿននេះចំនួន២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន២០កន្លែង ព្រមទាំងមានការសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចឱ្យមានការវិនិយោគផ្លូវនេះ តាមរូបភាពសាងសង់-អាជីវកម្ម និងផ្ទេរ(BOT)ជំនួសវិញ ដើម្បីសម្រួលការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅរបស់កម្ពុជា និងការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ដោយចំណាយពេលវេលាតិច និងឆាប់រហ័ស៕


ប្រភព៖ ក្រសួងព័ត៌មាន