ឃើញជំនន់ទឹកភ្លៀងឡើងខ្លាំងពេក ធ្វើឲ្យលោកយាយម្នាក់ខ្យល់គរបាត់ស្មារតី ត្រូវបានកងទ័ពជួយសង្គ្រោះទាន់ពេល
ខេត្តបាត់ដំបង៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍ជាច្រើននាក់បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានកំពុងរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដឹកជញ្ជូនរបស់របរ សម្ភារ និងមនុស្សទៅកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេចដ្ឋារចនាសម្ព័ន្ធមួយចំនួន។

យោងតាមការរាយការណ៍បានឲ្យដឹងថា កម្លាំងទ័ពយោធភូមិភាគទី៥ វរសេនាតូច៥៣៣ បានជួយសង្គ្រោះអាយុជីវិតលោកយាយម្នាក់រស់នៅក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មកកាន់មណ្ឌលសុខភាពទាន់ពេលវេលា ពេលដែលលោកយាយខ្យល់គរដោយសារឃើញជំនន់ទឹកភ្លៀងឡើងខ្លាំង។
សូមជម្រាបថានៅក្នុងឃុំបួរ ស្រុកភ្នំព្រឹកនាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នេះត្រូវបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង ទីបញ្ជាការយោធភូមិភាគទី៥ បានបញ្ជាកម្លាំងចុះប្រតិបត្តិការភ្លាមភ្លាមរុករកនិងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងតាមតំបន់ដែលខ្លួនឈរជើង៕
