កូវីដ-១៩

ទ្វីបអឺរ៉ុបបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ១០០,០០០ ករណី ជាលើកដំបូងបំផុតមិនធ្លាប់មាន ចាប់តាំងពីទ្វីបនេះមានការរីករាលដាលជាលើកដំបូង

BY
autoadmin
October 10, 2020

ទ្វីបអឺរ៉ុបបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ក្នុងមួយថ្ងៃរហូតដល់ទៅ ១០០,០០០នាក់ ជាលើកដំបូងបំផុត នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា បន្ទាប់ពីប្រទេសមួយចំនួនដូចជា៖ រុស្ស៊ី និងចក្រភពអង់គ្លេស មិនបានធូរស្បើយការឆ្លងរាលដាលនោះទេក្នុងរយៈពេល ៥ថ្ងៃ កន្លងមកនេះ។ ករណីនៅទូទាំងទ្វីបអឺរ៉ុបបានកើនឡើងជាលំដាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ សូម្បីតែការឆ្លងថ្មីនៅក្នុងប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតមុននេះ ដូចជាឥណ្ឌា និងប្រេស៊ីល ក៏បានបង្ហាញសញ្ញានៃការថយចុះដែរ។

ចំណុចកណ្តាលនៃការផ្ទុះឡើងនៅក្នុងតំបន់អឺរ៉ុបបានផ្លាស់ប្តូរទៅចក្រភពអង់គ្លេស រុស្ស៊ី អេស្បាញ និងបារាំង ដែលបានរាយការណ៍ថា យ៉ាងហោចណាស់ប្រទេសមួយក្នុងចំណោមទាំងនេះ មានករណីជាង ១០,០០០ ករណី ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ។ ប្រទេសរុស្សុីបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីកំណត់ត្រាចុងក្រោយនៅក្នុងខែឧសភា នៅថ្ងៃសុក្រនេះ ដែលជំរុញឱ្យអាជ្ញាធរទីក្រុងម៉ូស្គូ ធ្វើការបិទបារ និងក្លឹបរាត្រី។

ចក្រភពអង់គ្លេសបានកត់ត្រាករណីជាង ១៧,០០០ ករណីកាលពីថ្ងៃព្រហស្បតិ៍ ជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសគឺលោក Matt Hancock ព្រមានថា ចក្រភពអង់គ្លេសកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ផ្នែកជាច្រើននៅភាគខាងជើងនៃប្រទេសអង់គ្លេស វែល និងស្កុតឡេន បានណែនាំការរឹតត្បិតកាន់តែខ្លាំងឡើងទៅការរក្សាគម្លាតសង្គម ដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: