រថយន្ត Lexus LM ស៊េរីទំនើបតម្លៃជិត២០ម៉ឺនដុល្លារ ត្រូវរថយន្ត Hyundai ព្រលះពីក្រោយមួយទំហឹង ខ្ទេចគូថយ៉ាងដំណំ
ភ្នំពេញ ៖ រថយន្តម៉ាក Lexus ស៊េរីទំនើបឆ្នាំ២០២១ បើកចុះលើស្ពានអាកាសស្ទឹងមានជ័យ ត្រូវរថយន្ត HYUNDAI មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅជាប់នឹងគល់ស្ពានស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសម្ដីពីអ្នកបើកបររថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេបានបើករថយន្តម៉ាក HYUNDAI មួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3A-9766 ចេញមកពីម្ដុំអូរបែកក្អម ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ហើយក៏បានឆ្លងកាត់លើស្ពានអាកាសស្ទឹងមានជ័យ រួចបានចុះពីលើស្ពានពេលនោះក៏រូបគេជាន់ហ្វ្រាំងរថយន្ត ដើម្បីបន្ថយតិចៗតែរូបគេជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកគូថរថយន្តស៊េរីទំនើបម៉ាក Lexus LM300h ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2BJ-8128 ចំពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តម៉ាក់ Lexus LM300h រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំតែម្តង។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចុះទៅសម្រួលភាគីទាំងសងខាងអស់រយៈពេលជាង២ម៉ោង ទើបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យស្នងការរាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ បងម៉េង ខ្មែរណូត