កូវីដ-១៩

ចិនដីគោករកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២០នាក់ ដោយក្នុងនោះមាន ៦នាក់ ជាករណីក្នុងសហគមន៍

BY
autoadmin
October 14, 2020

អាជ្ញាធរចិននៅថ្ងៃពុធនេះបាននិយាយថា ចិនដីគោកបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២០ កាលពីថ្ងៃអង្គារ ទី១៣ ខែតុលា ហើយក្នុងនោះមានករណីចំនួន ១៤ ជាការនាំចូលមកពីបរទេស ខណៈ ៦ករណី គឺជាករណីក្នុងស្រុកមកពីខេត្តសានទុង។ រដ្ឋាភិបាលទីក្រុងឈីងតាវនៃខេត្តសានទុង ក៏កំពុងធ្វើតេស្ដជំងឺ COVID-19 លើពលរដ្ឋខ្លួនទូទាំងក្រុង បន្ទាប់ពីមានការឆ្លងមេរោគជាបន្តបន្ទាប់នៅក្នុងទីក្រុង ភ្ជាប់ទៅនឹងមន្ទីរពេទ្យមួយ ដែលត្រូវបានកំណត់ដើម្បីព្យាបាលអ្នកជំងឺ COVID-19 នាំចូលពីបរទេស។

គណៈកម្មការក៏បាននិយាយផងដែរថា ករណីអ្នកជំងឺ COVID-19 ដែលមិនចេញរោគសញ្ញាចំនួន ១៨ ករណី ត្រូវបានរាយការណ៍នៅថ្ងៃទី១៣ ខែតុលា បើប្រៀបធៀបទៅនឹង ១៧នាក់ ថ្ងៃមុន។ ជម្រាបដែរថា ប្រទេសចិនមិនរាប់បញ្ចូលអ្នកជំងឺប្រភេទនេះ ជាករណីដែលបានបញ្ជាក់នោះទេ។ ដូច្នេះគិតមកទល់ពេលនេះចំនួនអ្នកឆ្លងជំងឺ COVID-19 សរុបនៅចិនដីគោកមាន ៨៥,៦៦១ នាក់ ខណៈចំនួនស្លាប់មាន ៤,៦៣៤នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: