លោកជំទាវ Melania Trump បញ្ជាក់ថា កូនប្រុសពៅរបស់លោកជំទាវតេស្តវិជ្ជមានជំងឺកូវីដ១៩ តែមិនមានចេញរោគសញ្ញាអ្វីឡើយ
- October 15, 2020
យោងតាមការចុះផ្សាយលើសារព័ត៌មាន The New York Times បានឲ្យដឹងថា កូនប្រុសពៅរបស់លោកប្រធានាធិបតី Donald Trump គឺ Barron Trump ត្រូវបានគេធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ និងមិនមានចេញរោគសញ្ញាអ្វីនោះទេ ក្រោយពេលឪពុកម្តាយរបស់ខ្លួនវិជ្ជមានជាមួយវីរុសនេះដែរ នេះបើតាមការបញ្ជាក់ពីលោកជំទាវ Melania Trump។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែតុលា កន្លងមកនេះ លោក Trump និងលោកជំទាវ Melania ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩ ហើយសេតវិមាន White House បានបញ្ជាក់ថា Barron ដែលមានអាយុ១៤ឆ្នាំ បានតេស្តអវិជ្ជមាន ប៉ុន្តែបែរជាលោកជំទាវ Melania បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ កន្លងទៅថា “ការភ័យខ្លាចរបស់ខ្ញុំបានក្លាយជាការពិតហើយនៅពេលដែលគាត់ត្រូវបានគេសាកល្បងម្តងទៀតហើយវាបានលេចចេញជាវិជ្ជមាន” ។
លោកជំទាវបញ្ជាក់ទៀតថា សំណាងល្អ គាត់ជាក្មេងជំទង់មានកំលាំងខ្លាំងហើយមិនមានរោគសញ្ញាអ្វីទេ។ លោក Trump បាននិយាយយ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មាននៅពេលលោកចាកចេញពីសេតវិមានបាននិយាយថា Barron មិនអីនោះទេ។ លោក Trump ក៏បានបន្ថែមទៀតថា “ខ្ញុំមិនច្បាស់ថា គាត់ដឹងថាខ្លួនគាត់មានជំងឺនេះទេ ពីព្រោះគេនៅក្មេង និងមានប្រព័ន្ធភាពស៊ាំរបស់គេរឹងមាំ ហើយពួកគេអាចប្រយុទ្ធប្រឆាំងនឹងជំងឺនេះបាន”៕
អត្ថបទ៖ សេម
ប្រភព៖ The New York Times
- Share This Post: