ខណ្ឌដង្កោកំពុងជន់លិច មិនទាន់បាត់ផង ស្រាប់តែលេចលឺដំណឹងក្រពើទម្ងន់ជាង៣០គីឡូ មួយក្បាលរួចចេញពីអាង ក្នុងសង្កាត់ព្រែកកំពឹស ថែមទៀត
(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៥.១០.២០២០ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានទទួលស្គាល់ថា៖ ពិតជាមានករណីសត្វក្រពើ រួចចេញពីអាងចិញ្ចឹមប្រាកដមែន!។ លោកបន្តថា៖ រួចចំនួន១ក្បាលប៉ុណ្ណោះ ដែលមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម វាបានរួចនៅចន្លោះម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅកសិដ្ឋានចិញ្ចឹមក្រពេីមួយកន្លែង ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
ចំពោះមូលហេតុនៃការរួចចេញសត្វក្រពើនេះដែរ លោកចៅសង្កាត់បញ្ជាក់ថា៖ ទឹកជនលិចដល់អាង ប៉ុន្តែអាងគេនោះមានរនាំងដែកការពារដែរ ស្របពេលទឹកជំនន់កំពុងវាយលុកលិចលង់ ផ្លូវ ផ្ទះសម្បែង ទ្រព្យសម្បត្តិ ស្ទើរគ្រប់រាជធានី.ខេត្ត ជាពិសេសគឺខេត្តកំពង់ស្ពឺ, កណ្ដាល, «ខណ្ឌដង្កោ» រាជធានីភ្នំពេញតែម្ដង ដែលមានព្រំប្រទល់ជាប់គ្នា ហើយចរន្តទឹកហូរប្រសព្វជាប់គ្នាទៀត ក្រពើធំបានរួចចេញពីទ្រុងបាត់ទៅ ហេីយម្ចាស់ កសិដ្ឋាន ក៏បានជូនដំណឹងដល់ អាជ្ញាធរសង្កាត់ បានដឹងផងដែរ ។
សូមបញ្ជាក់ថា ម្ចាស់ ចិញ្ចឹមក្រពេីនេះ មានឈ្មោះ កាំង សារិន ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពេីឈ្មោះ (Cambo Crocodile Farm) ដែលមានទីតាំងស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕


ដោយ៖ បងម៉េង ខ្មែរណូត