ត្រឹមរយៈពេល១០ថ្ងៃកន្លងមកនេះ ទ្វីបអឺរ៉ុបបានកើនឡើងករណីកូវីដ១៩ ទ្វេដង គឺពីមួយថ្ងៃ ១០ម៉ឺននាក់ ឡើងដល់មួយថ្ងៃ ២០ម៉ឺននាក់
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 នៅតំបន់អឺរ៉ុបបានកើនឡើងទ្វេដងក្នុងរយៈពេល ១០ថ្ងៃ កន្លងមកនេះ ដោយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ខ្លួនបានកត់ត្រាករណីប្រចាំថ្ងៃរហូតដល់ទៅ ២០០ ០០០ ករណី ដែលវាជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន។ កាលពីថ្ងៃទី១២ ខែតុលា ទ្វីបនេះក៏បានកត់ត្រាការឆ្លងថ្មីៗប្រចាំថ្ងៃរហូតដល់ ១០០ ០០០នាក់ ផងដែរ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា រហូតមកដល់ពេលនេះអឺរ៉ុបបានរាយការណ៍អំពីករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៧.៨ លាននាក់ និងប្រហែល ២៤៧,០០០នាក់ បានស្លាប់។ បណ្តាប្រទេសអឺរ៉ុបដូចជា៖ អ៉ីតាលី អូទ្រីស ក្រូអាស៊ី ស្លូវេនី និងបូស្នៀ សុទ្ធតែបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ក្នុងកំណត់ត្រាមិនធ្លាប់មានរៀងៗខ្លួន។ ឥឡូវនេះអឺរ៉ុបមានករណីប្រចាំថ្ងៃសរុបច្រើនជាងនៅទីណាទាំងអស់ មិនថានៅសហរដ្ឋអាមេរិន និងឥណ្ឌានោះទេ។ ចំណែកចំនួនអ្នកឆ្លងជំងឺ COVID-19 ពេលនេះមានសរុប ៤២លាននាក់ ខណៈស្លាប់សរុប ១លាន ១៤ម៉ឺននាក់ ពីទូទាំងពិភពលោក៕



អត្ថបទ៖ លីដា
ប្រភព៖ The Straits Times