ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ១៩ថ្មី ហក់ឡើងខ្លាំងម្តងទៀត រយៈពេលតែ១ថ្ងៃមានជាង ៧៦,០០០នាក់

    BY autoadmin October 24, 2020
    សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ១៩ថ្មី ហក់ឡើងខ្លាំងម្តងទៀត រយៈពេលតែ១ថ្ងៃមានជាង ៧៦,០០០នាក់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ចំនួនករណីឆ្លងជំងឺ COVID-19 ដែលត្រូវបានរាយការណ៍នៅសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា គឺជាចំនួនខ្ពស់បំផុតទី២ ចាប់តាំងពីប្រទេសនេះមានការឆ្លងរាលដាលនៃជំងឺ។ ករណីអ្នកចូលមន្ទីរពេទ្យ និងអ្នកស្លាប់កំពុងបង្កើនល្បឿន ខណៈអាកាសធាតុចុះត្រជាក់ខ្លាំងនៅទូទាំងប្រទេស។ ករណីថ្មីក្នុងមួយថ្ងៃចំនួន ៧៦,១៩៥ ត្រូវបានបញ្ជាក់សម្រាប់ថ្ងៃព្រហស្បតិ៍ ខណៈប្រទេសនេះធ្លាប់បានរាយការណ៍ករណីចំនួន ៧៧,២៩៩ កាលពីថ្ងៃទី ១៦ ខែកក្កដា ដែលជាចំនួនច្រើនបំផុតរបស់ខ្លួន។

    ការស្លាប់របស់សហរដ្ឋអាមេរិកក៏មាននិន្នាការកើនឡើងផងដែរ ដោយមានអ្នកស្លាប់ចំនួន ៩១៦នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីប្រទេសនេះបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីជាង ១,២០០នាក់ ជាលើកដំបូងចាប់តាំងពីខែសីហា។ មរណភាពនៃជំងឺ COVID-19 កើនឡើង ១៣% ពីសប្តាហ៍មុន ដែលជាមធ្យម ៧៨៥នាក់ ក្នុងមួយថ្ងៃ ក្នុងរយៈពេល ៧ថ្ងៃកន្លងមក។ ជាមួយគ្នានេះដែរចំនួនអ្នកជំងឺ COVID-19 នៅមន្ទីរពេទ្យអាមេរិកបាន កើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២ខែ មកនេះ ដោយបានកើនឡើងខ្ពស់ជាងមុន ៣៤% ចាប់តាំងពីថ្ងៃទី០១ ខែតុលា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: