ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តុលាការបញ្ជូនអ្នកសារព័ត៌មានរហស្សនាម “ស្អែកស្លាប់ ស្អែកស្លាប់” ទៅឃុំខ្លួនក្នុងពន្ធនាគារ ដើម្បីបន្តនីតិវិធី

    BY Khmernote Media October 26, 2020
    តុលាការបញ្ជូនអ្នកសារព័ត៌មានរហស្សនាម “ស្អែកស្លាប់ ស្អែកស្លាប់” ទៅឃុំខ្លួនក្នុងពន្ធនាគារ ដើម្បីបន្តនីតិវិធី

    ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ឈ្មោះប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន មានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តនីតិវិធី។ គួររំលឹកថា នគរបាលស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានចាប់ខ្លួនឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និង មានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» នៅចំណុចភូមិតាជ័យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល តាមដីកាបង្គាប់អោយចាប់ខ្លួនលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល។

    ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ពាក់ព័ន្ធបទល្មើស « គំរាមកំហែង, បរិហាកេរ្តិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ, ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ » ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ «ស្អែកស្លាប់ ស្អែកស្លាប់» កាលពីថ្ងៃទី៥ និងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ តាមមាត្រា២៣១, មាត្រា៣០៥, មាត្រា៣០៧, មាត្រា៤៩៤, មាត្រា៤៩៥ និង មាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ ។

    សមត្ថកិច្ចចាប់ខ្លួន ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» នេះ គឺបន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក ផែង វណ្ណៈ ។ ប៉ុន្តែក្រោយមកលោក ផែង វណ្ណៈ បានដកពាក្យបណ្តឹងវិញបន្ទាប់ពីឈ្មោះ ប៉ូ ចាន់នី បានសុំទោស និងទទួលស្គាល់កំហុស។ ទោះបីយ៉ាងណាបណ្តឹងអាជ្ញា មិនបានរលត់តាមរយៈការដកពាក្យបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណីឡើយ។

    មាត្រា៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា មូលហេតុនៃការរលត់បណ្តឹងអាជ្ញាមានដូចតទៅគឺ៖
    ១-មរណភាពនៃជនល្មើស ។
    ២-ការផុតអាជ្ញាយុកាល ។
    ៣-ការលើកលែងទោសជាទូទៅ ។
    ៤-និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ ។
    ៥-អាជ្ញាអស់ជំនុំ ។

    កាលណាបណ្តឹងអាជ្ញាផុសរលត់ហើយ ការចោទប្រកាន់ខាងបទព្រហ្មទណ្ឌមិនអាចចាប់ផ្តើមបានទៀតទេ ឬត្រូវតែបញ្ឈប់។ នេះចាត់ទុកជាសារមួយដល់អ្នកសារព័ត៌មាន មិនត្រូវប្រើសិទ្ធិហួសពីព្រំដែន រហូតដល់ការជេរប្រមាថបុគ្គល និងជេរប្រមាថមន្ត្រីអាជ្ញាធរសាធារណៈឡើយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: