ព័ត៌មានជាតិ

ឥទ្ធិពលព្យុះទី១៨ នឹងធ្វើឲ្យកម្ពុជាអាចបន្តធ្លាក់ភ្លៀងរហូតដល់ដើមខែក្រោយ ហើយតំបន់ខ្លះចុះត្រជាក់ដល់ ២០អង្សាសេ

BY
Khmernote Media
October 27, 2020

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) បានបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង។ ព្យុះនេះមានទិសដៅឆ្ពោះទៅប្រទេសវៀតណាមត្រង់ចំណុចខេត្តក្វាងងៃ រួចថមថយឥទ្ធិពលជាបន្តបន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ ជ្រលងវិសម្ពាធ និងសម្ពាធទាបម៉ូឡាវមានឥទ្ធិពលមកលើប្រទេសកម្ពុជានៅថ្ងៃទី២៨-២៩ ខែតុលា។ ស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុប្រែប្រួល៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ
បណ្តារាជធានី-ខេត្តមួយចំនួននៅភាគខាងក្រោម និងជាប់ព្រំដែនវៀតណាម ភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា។ តែសម្រាប់ថ្ងៃទី២៨-២៩ ខែតុលា ពិសេសភាគពាយ័ព្យ នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន។

២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ ។
ភ្លៀងនៅតែបន្តមានក្នុងកម្រិតពីតិចទៅបង្គួររហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា តែច្រើនលាយឡំនឹងខ្យល់ខ្លាំងនៅថ្ងៃទី២៨-២៩ ខែតុលា។

៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណ ពីតិចទៅបង្គួរ។

Share This Post: