ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រយៈពេលជាង ៥ សប្ដាហ៍កន្លងមកនេះ ទ្វីបអឺរ៉ុបបានមើលឃើញពីការកើនឡើងនៃករណីជំងឺកូវីដ១៩ ទ្វេដង

    BY autoadmin November 2, 2020
    រយៈពេលជាង ៥ សប្ដាហ៍កន្លងមកនេះ ទ្វីបអឺរ៉ុបបានមើលឃើញពីការកើនឡើងនៃករណីជំងឺកូវីដ១៩ ទ្វេដង

    យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 នៅអឺរ៉ុបបានកើនឡើងទ្វេដង ក្នុងរយៈពេល៥សប្តាហ៍កន្លងមកនេះ ដោយជំរុញឱ្យទ្វីបនេះមានអ្នកឆ្លងជំងឺ COVID-19 សរុបជាង ១០ លាននាក់ គិតត្រឹមថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា។ ជាក់ស្ដែងកាលពីខែមុន ទាំងអាមេរិកឡាទីន និងអាស៊ី ក៏ទើបតែបានរាយការណ៍ថា មានករណីសរុបជាង ១០លាន រៀងខ្លួនផងដែរ ហើយមានតែសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ ដែលមានករណីជាង ៩ លាន ជាមួយនឹងការផ្ទុះឡើងយ៉ាងឆាប់រហ័សនាពេលថ្មីៗនេះ។

    យោងតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា អឺរ៉ុបបានចំណាយពេលជិត ៩ខែ ដើម្បីកត់ត្រានូវករណីជំងឺ COVID-19 គម្រប់ ៥លានករណី ជាលើកដំបូងរបស់ខ្លួន ហើយ ៥លាន ផ្សេងទៀតត្រូវបានរកឃើញត្រឹមរយៈពេលតែជាងមួយខែចុងក្រោយនេះប៉ុណ្ណោះ។ ជាមួយនឹង ១០% នៃចំនួនប្រជាជនពិភពលោក ទ្វីបអឺរ៉ុបទទួលខុសត្រូវលើការឆ្លង ២២% នៃចំនួនអ្នកជំងឺ COVID-19 នៅទូទាំងពិភពលោក ដែលមានការឆ្លង ៤៦.៣ លាននាក់។ បូករួមទាំងការស្លាប់ជាង ២៦៩ ០០០ នាក់ តំបន់នេះទទួលខុសត្រូវ ២៣% នៃចំនួនអ្នកស្លាប់ដោយ COVID-19 នៅទូទាំងពិភពលោក ដែលមានសរុប ១.២ លាននាក់។

    អឺរ៉ុបបានរាយការណ៍ពីករណីថ្មីជាង ១.៦ លាននាក់ ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ ស្មើនឹងជិតពាក់កណ្តាលនៃចំនួន ៣.៣ លានករណី ពីទូទាំងពិភពលោក ជាមួយនឹងអ្នកស្លាប់ជាង ១៦ ១០០ នាក់ ដែលកើនឡើង ៤៤ % កាលពីសប្តាហ៍មុន។ សម្រាប់មនុស្ស ១០ ០០០ នាក់ នៅអឺរ៉ុប គឺមានករណីជំងឺ COVID-19 ចំនួន ១២៧ករណី ហើយមនុស្សប្រហែល ៤ នាក់បានស្លាប់។ ចំណែករុស្ស៊ីគឺជាប្រទេសនៅអឺរ៉ុបខាងកើត ដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត ជាមួយនឹងការឆ្លងជាង ១.៦ លានករណី៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: