សង្គម

ដឹងរឿងបាត់ឡានពេលចេញពីក្លឹបហើយ! នារីម្នាក់បើកឡាននោះប្រគល់ឲ្យសមត្ថកិច្ចវិញ រួចសុំទោសម្ចាស់ឡានហើយប្រាប់ថា “ស្រវឹងច្រឡំសោរ ព្រឹកឡើងទើបដឹងខ្លួន”

BY
Khmernote Media
November 2, 2020

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោងជិត៣ទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលទន្លេបាសាក់ ថាបាត់រថយន្ត PRIUS របស់ខ្លួន ដែលទុកកន្លែងចតរថយន្ត ក្រោយពេលចូលរាំលេងក្នុងក្លឹបកម្សាន្តមួយកន្លែង លុះចេញមកវិញបានមកយករថយន្ត តែរកមិនឃើញរថយន្ត ក៏សួរនាំសន្តិសុខ ស្រាប់តែសន្តិសុខប្រាប់មកវិញថា មាននារីម្នាក់បើកយកចេញទៅបាត់ហើយ ទើបដឹងថាជាចោរ ក៏ផ្អើលឆោឡោឡើងហើយក៏បានផ្ដល់ដំណឹងទៅវិទ្យុ ABC ជួយផ្សាយឲ្យសមត្ថកិច្ចគ្រប់គោលដៅបានដឹង ដើម្បីជួយស្ទាក់ចាប់រថយន្តនោះឲ្យផង។

ក្រោយដាក់ពាក្យបណ្តឹងកាលពីយប់រួចរាល់នោះ ស្រាប់តែស្អែកឡើងមានស្ត្រីម្នាក់បានយករថយន្តដែលបាត់នោះ មកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីស្វែងរកម្ចាស់វិញ ដោយនាងអះអាងថាខ្លួនស្រវឹងនិងច្រឡំសោរឡានយកឡាននោះជិះទៅផ្ទះ លុះព្រឹកឡើងទើបដឹងខ្លួន។ ក្រោយពេលស្ត្រីរូបនោះយករថយន្តមកប្រគល់សមត្ថកិច្ចរួច នាងក៏បានធ្វើការសុំទោសម្ចាស់ឡាន និងធ្វើការសម្របសម្រួលគ្នាចប់សព្វគ្រប់នៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ផ្ទាល់តែម្តង។ គួរបញ្ជាក់ថានៅក្នុងវិដេអូ Live នាងបានប្រាប់ថា ខ្លួនជិះរថយន្ត កាមរី និងរថយន្តដែលច្រលំគឺរថយន្ត Pruis 2010 ពណ៌ទឹកមាស៕

Share This Post: