ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សហរដ្ឋអាមេរិកបង្កើតកំណត់ត្រាថ្មីមួយទៀត ជាមួយនឹងករណីជំងឺកូវីដ១៩ ចំនួន ១២៥,០០០ ករណី ដែលជាការកើនឡើងក្នុងមួយថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន

    BY autoadmin November 7, 2020
    សហរដ្ឋអាមេរិកបង្កើតកំណត់ត្រាថ្មីមួយទៀត ជាមួយនឹងករណីជំងឺកូវីដ១៩ ចំនួន ១២៥,០០០ ករណី ដែលជាការកើនឡើងក្នុងមួយថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន

    សហរដ្ឋអាមេរិកបានបង្កើតកំណត់ត្រាថ្មីមួយទៀតកាលពីថ្ងៃសុក្រ នៅពេលដែលប្រទេសនេះបានរកឃើញអ្នកជំងឺ COVID-19 ថ្មីច្រើនជាង ១២៥,០០០ នាក់បន្ថែមទៀត ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក។ គិតត្រឹមថ្ងៃសុក្រមានករណីឆ្លងជំងឺ COVID-19 ថ្មីយ៉ាងហោចណាស់ ១២៥,៥៩៦ ករណី ដែលជារបាយការណ៍ខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីប្រទេសនេះមានការរាតត្បាតពីជំងឺ COVID-19 ។ វាក៏ត្រូវបានកត់សម្គាល់ផងដែរថា នេះជាថ្ងៃទី ៣ ជាប់ៗគ្នា ដែលប្រទេសនេះមានករណីជំងឺលើសពី ១០០,០០០ ក្នុងមួយថ្ងៃ។

    ក្រៅពីចំនួនករណីថ្មីៗគិតត្រឹមល្ងាចថ្ងៃសុក្រ មានអ្នកស្លាប់យ៉ាងតិច ១,១៣៧ នាក់ បន្ថែមទៀត នេះបើយោងតាមសាកលវិទ្យាល័យចនហបគីនស៍។ លើសពីនេះទៀតជនជាតិអាមេរិកជាង ៥៤,០០០ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងជំងឺ COVID-19 ដោយមានប្រហែល ១១,០០០ នាក់ ស្ថិតក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់។ ក្រុមមន្រ្តីទូទាំងប្រទេសកំពុងព្រមានថា មន្ទីរពេទ្យនានានឹងអស់សមត្ថភាពផ្ទុកនាពេលឆាប់ៗនេះ។ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងចំនួនប្រជាជនសម្រាកក្នុង ICU កាន់តែច្រើន ក៏អាចនាំឱ្យមានការកើនឡើងនៃការស្លាប់ផងដែរ។

    អ្នកជំនាញផ្នែករោគរាតត្បាតនៅសាកលវិទ្យាល័យហាវ៉ាដបានព្រមានកាលពីថ្ងៃសុក្រថា ការឆ្លងមេរោគកូរ៉ូណា អាចកើនឡើងទ្វេដងក្នុងរយៈពេលមួយខែទៀត ប្រសិនបើគ្មានការគោរពតាមគោលការណ៍ស្ដីពីសុវត្ថិភាព។ ហើយការព្យាករណ៍រួមមួយរបស់មជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ ក៏បានបង្ហាញដែរថា នឹងមានមនុស្ស ៣១,០០០ នាក់ ផ្សេងទៀត អាចបាត់បង់ជីវិតក្នុងរយៈពេល ២-៥ សប្តាហ៍ខាងមុខនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: