ក្រុមចោរជំនាញបន្លំធ្វើទិញនេះទិញនោះ រួចចូលលួចកាបូបលុយប្រហែល៥,០០០ដុល្លារ បានសម្រេច នៅចោមចៅទី២ទាំងព្រឹក ហើយគេចខ្លួនបាត់
ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៣ទៅ៤នាក់ បានចូលទៅបន្លំលួចយកកាបូបលុយនៅកន្លែងលក់គ្រឿងក្រអូប និងប្ដូរប្រាក់មួយកន្លែង បានសម្រេច ដែលនៅក្នុងកាបូបនេះមានលុយដុល្លារ និងលុយខ្មែរផង សរុបប្រហែល ៥,០០០ដុល្លារ រួចបាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨:៤៥នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះលក់គ្រឿងក្រអូបនិងប្ដូរប្រាក់និងភេសជ្ជៈមួយកន្លែងក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីម្ចាស់ផ្ទះមិនទាន់ស្គាល់ឈ្មោះទេ ចំណែកជនសង្ស័យមានគ្នាពី៣ទៅ៤នាក់ ហើយអ្នកយកកាបូប គឺជាបុរសម្នាក់ ហើយក្រោយលួចយកបានមានបុរសម្នាក់ទៀត ជាអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ១គ្រឿងទៅដឹកចេញគេចខ្លួនបាត់ស្រមោល។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យបាននាំគ្នាចូលទៅកាន់តូបលក់ដូរខាងលើ ហើយអ្នកខ្លះធ្វើជារកទិញនេះ និងខ្លះទៀតធ្វើជារកទិញនោះ ដើម្បីបន្លំ ហើយខណៈពេលដែលម្ចាស់តូបជាប់រវល់តែយករបស់របរលក់ឲ្យជនសង្ស័យម្នាក់ជាបុរស បានចូលទៅលួចយកកាបូបដែលក្នុងនោះមានលុយដុល្លារនិងលុយខ្មែរផងសរុបប្រហែល ៥,០០០ដុល្លាររួច បានយួរដើរចេញក្រៅ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅកាន់ចំណុចខាងលើ និងបាននាំជនរងគ្រោះទៅកាន់ស្នាក់ការប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្ដឹងនិងស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះ៕

ដោយ៖ បងម៉េង ខ្មែរណូត