ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខ និងជូនពរកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខទិសយោធភូមិភាគទី៥ នាឱកាសបុណ្យចូលឆ្នាំថ្មី

    BY soknita April 4, 2026
    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខ និងជូនពរកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខទិសយោធភូមិភាគទី៥ នាឱកាសបុណ្យចូលឆ្នាំថ្មី

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវការពរជ័យសិរីសួស្តី ជូនដល់វីរយោធិនដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

    ដំណើរទស្សនកិច្ចចុះសួរសុខទុក្ខនេះ ត្រូវបានធ្វើឡើងនៅទិសយោធភូមិភាគទី៥ ដែលគ្របដណ្តប់លើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ មុនពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

    ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាព ភាពអង់អាចក្លាហាន ក៏ដូចជាការលះបង់ដ៏ធំធេងរបស់កងកម្លាំងទាំងអស់ ដែលបាន និងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការការពារបូរណភាពទឹកដី និងថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ។

    ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបួងសួងសុំសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងជួរកងយោធពលខេមរភូមិន្ទ។

    ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជូនពរដល់កងកម្លាំងទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ក្នុងការបន្តបេសកកម្មដ៏មានតម្លៃនេះ ជូនជាតិមាតុភូមិនៃយើងជារៀងរហូតតទៅ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: