ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ករណីជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកបានកើនដល់ ១០លាននាក់ ខណៈមានអ្នកឆ្លងថ្មីជាង ១០ម៉ឺននាក់ ៥ថ្ងៃជាប់ៗគ្នាមកហើយ

    BY autoadmin November 10, 2020
    ករណីជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកបានកើនដល់ ១០លាននាក់ ខណៈមានអ្នកឆ្លងថ្មីជាង ១០ម៉ឺននាក់ ៥ថ្ងៃជាប់ៗគ្នាមកហើយ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK សម្រាប់ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនករណីអ្នកឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ពេលនេះមានចំនួនលើសពី ១០ លាននាក់ហើយ។ តួលេខចងក្រងដោយសាកលវិទ្យាល័យ John Hopkins បានបង្ហាញថា ការឆ្លងជំងឺ COVID-19 បានឡើងដល់ ១០ លាននាក់ នៅត្រឹមរសៀលថ្ងៃច័ន្ទ ខណៈសហរដ្ឋអាមេរិកបានរាយការណ៍ពីករណីថ្មីៗជាង ១០០,០០០ ករណីក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នាមកនេះ និងមានការស្លាប់ជាង ១,០០០ នាក់ ជារៀងរាល់ថ្ងៃផងដែរ។

    ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិយាយថា ករណីឆ្លងកំពុងកើនឡើងនៅគ្រប់រដ្ឋអាមេរិកទាំងអស់លើកលែងតែកោះហាវ៉ៃ។ រដ្ឋភាគខាងលិចនៃរដ្ឋយូថាហ៍បានប្រកាសអាសន្នក្នុងថ្ងៃច័ន្ទ ដោយមានការភ័យខ្លាចថាមន្ទីរពេទ្យក្នុងតំបន់អាចហួសពីកម្រិតដែលខ្លួនអាចផ្ទុកអ្នកជំងឺ និងមិនអាចផ្តល់ការព្យាបាលឱ្យបានសមស្រប។ ការរឹតត្បិតថ្មីដែលបានប្រកាសនៅថ្ងៃដដែលរួមមាន៖ ការពាក់ម៉ាស់ទូទាំងរដ្ឋ ការដាក់កម្រិតលើការជួបជុំមិនមែនក្រុមគ្រួសាររហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា និងការព្យួរសកម្មភាពសាលា។

    ក្រសួងការពារជាតិបានដាក់ពង្រាយក្រុមពេទ្យយោធាទៅកាន់ទីក្រុង El Paso រដ្ឋតិចសាស់ ដើម្បីជួយមន្ទីរពេទ្យដែលមានបញ្ហាខ្វះខាត។ មន្រ្តីសុខាភិបាលបានព្រមានថា ការឆ្លងអាចរីករាលដាលបន្ថែមទៀតដោយមានមនុស្សជាច្រើនរំពឹងថា នឹងចេញទៅក្រៅ និងធ្វើដំណើរក្នុងឱកាសវិស្សមកាល Thanksgiving នៅចុងខែនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: