ឃាត់ខ្លួនចោរឆក់ខ្សែករនារីម្នាក់ជិះម៉ូតូរត់គេចខ្លួនទាំងភ័យទៅបុកម៉ូតូអ្នកដំណើរ ត្រូវសមត្ថកិច្ចវាយខ្នោះបានសម្រេច
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្រោយពីធ្វេីសកម្មភាពឆក់ខ្សែករ ពីស្ត្រីម្នាក់បានសម្រេច ក្រោយមកក៏បានជិះម៉ូតូរត់គេចខ្លួន តែជនសង្ស័យរូបខាងលេី ភ័យក៏បើកម៉ូតូជុលទៅបុកនិងម៉ូតូអ្នកធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យដួល ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចផ្លូវ២៧៤ កែង២០៥ ក្រុម៣៣ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ចាន់ មនោរង្សី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអនឡាញ (ប្រើប្រាស់នូវសារធាតុញៀន) ស្នាក់នៅផ្ទះលេខ២៦ ផ្លូវ២១៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះឈ្មោះ លាងអុី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះជួល ភូមិពោធិញៀន សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ មួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IL-1681 (ជាមធ្យោបាយធ្វើសកម្មភាពរបស់ជនសង្ស័យ), ទូរស័ព្ទ មួយគ្រឿង ម៉ាក oppo ពណ៌ស្វាយ, ខ្សែករលោហធាតុពណ៌លឿងទុំ បន្តោងគ្រប់មូល ចំនួនមួយខ្សែ ជារបស់ជនរងគ្រោះដែលដកហូតពីជនសង្ស័យ ហេីយបានប្រគល់ឲ្យជនរងគ្រោះវិញ។
នៅមុនកើតហេតុថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី ជនរងគ្រោះ បានជិះម៉ូតូ មួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ផ្លាក់លេខ ភ្នំពេញ 1HJ-9779 ចេញពីកន្លែងលក់បន្លែ ក្នុងគោលបំណងយករម៉កទៅផ្ញើរនៅសាលារៀន ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំនុចផ្លូវលេខ២៧៤ កែង២០៥ ក្រុម៣៣ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី២ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក់ស្ដុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IL-1681 ជិះមកពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពលូកដៃឆ្វេងឆក់យកខ្សែកររបស់ជនរងគ្រោះបានសម្រេចរួចជិះម៉ូតូគេចខ្លួន ភ្លាមៗនោះជនរងគ្រោះ ក៏បានស្រែកចោរៗ ខណ:នោះជនសង្ស័យភ័យក៏បើកម៉ូតូជុលទៅបុកជាមួយនិងម៉ូតូអ្នកធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យដួលបន្ទាប់មកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដែលល្បាត បានទៅដល់កន្លែងកើតហេតុ នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលេី រួមនិងវត្ថុតាងយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ ដើម្បីសាកសួរតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យខាងលេីរួមនិងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនិតិវិធីច្បាប់ ៕



