បច្ចេកវិទ្យា

Oppo Find X ស្មាតហ្វូនស៊េរីថ្មីមិនមានក្បាលឆក អេក្រង់ពេញដល់គែម និងកាមេរ៉ាហូតចុះឡើងពេលថតរូប (មានវីដេអូ)

BY
Khmernote Media
June 20, 2018

ឆ្នាំ២០១៧ ជាឆ្នាំនៃការវិវត្តន៍ទូរស័ព្ទ ដែលមានក្បាលឆក ប៉ុន្តែឆ្នាំ២០១៨ នេះក្បាលឆកលែងទាន់សម័យទៀតហើយ ដោយសារតែក្រុមហ៊ុនជាច្រើនផ្លាស់ប្តូរមកប្រើអេក្រង់លាតសន្ធឹងពេញផ្ទៃអេក្រង់ដល់គែមតែម្តង។ ហើយថ្មីៗនេះ ក្រុមហ៊ុន Oppo ក៏បានបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនឈ្មោះ Oppo Find X ជាមួយអេក្រង់ពេញគែមតែម្តង ជាពិសេសនោះគឺកាមេរ៉ាហូតចុះឡើង ពេលថតរូបតែម្តង។

+ ការរចនា

Oppo Find X មានរូបរាងស្រដៀងនឹង Galaxy S9 ដោយមានអេក្រង់កោងនៅគែមសងខាង ហើយគែមខាងលើ និងខាងក្រោមក៏ស្រដៀង S9 ដែរ ចំណែកឯផ្នែកខាងក្រោមវិញគឺមិនមានកញ្ចក់រលោងស្រិលតែម្តង មិនមានកាមេរ៉ាឡើយ។ សម្រាប់កាមេរ៉ាវិញ Oppo Find X ផលិតឡើងខុសប្លែកពី Vivo NEX ដែលមានតែកាមេរ៉ាខាងមុខប៉ុណ្ណោះ ដែលបង្កប់នៅក្នុងអេក្រង់ ប៉ុន្តែ Oppo Find X គឺបង្កប់ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ។

+ អេក្រង់

ផ្ទៃខាងមុខរបស់ Oppo Find X គឺអេក្រង់សុទ្ធតែម្តងប្រមាណ 92.25% នៃផ្ទៃទូរស័ព្ទ ហើយវាមានអេក្រង់ទំហំ 6.42អ៊ីញ ជាមួយកំរិតភាពច្បាស់ 1080 x 2340 pixels ប្រភេទកញ្ចក់ AMOLED ដែលបង្ហាញរូបភាពបានច្បាស់ដិតល្អ។

+ កំលាំងម៉ាស៊ីន

Oppo Find X ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo បំពាក់បន្ទះឈីប Qualcomm Snapdragon 845 មាន CPU Octa-core 4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver មាន RAM ទំហំ 8GB និងមានមេម៉ូរីទំហំ 256GB អាចបន្ថែមកាតខាងក្រៅបានរហូតដល់ 400GB។

+ កាមេរ៉ា

ស្មាតហ្វូនថ្មីនេះមានកាមេរ៉ាខាងក្រោមចំនួន២គ្រាប់ មួយទំហំ១៦មេហ្គាភិចសែល និងមួយទៀតទំហំ២០មេហ្គាភិចសែល ដែលមានសមត្ថភាពផ្តិតយករូបភាពបានយ៉ាងច្បាស់ល្អ ចំណែកឯកាមេរ៉ាមុខវិញមានទំហំ២៥មេហ្គាភិចសែល។ ចំនុចពិសេសនោះគឺទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយសុទ្ធតែបង្កប់ក្នុងតួខ្លួនរបស់ទូរស័ព្ទ ហើយហូតចេញបានលឿនតែម្តង នៅពេលត្រូវការថតរូប។

+ តម្លៃ

Oppo Find X នេះនឹងដាក់នៅលើទីផ្សារមួយចំនួនដូចជា ចិន អឺរ៉ុប និងអាមេរិក ដែលតម្លៃនៅលើទីផ្សារអឺរ៉ុបមានតម្លៃ 999 អឺរ៉ូ (ប្រហែល 1,157 ដុល្លារ) ហើយវានឹងមានលក់នៅខែសីហាខាងមុខ៕

អត្ថបទ៖ ឌី
ប្រភព៖ theverge

Share This Post: