ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន៣នាក់ជិះម៉ូតូអត់មួកសុវត្ថិភាព គេចគោលដៅត្រួតពិនិត្យ ជ្រុលទៅបុកនគរបាលម្នាក់កំពុងបំពេញការងារ បណ្ដាលឲ្យរបួសជើងធ្ងន់ធ្ងរ

BY
Khmernote Media
November 15, 2020

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចម្នាក់ខ្ទាតដួលបោកនឹងថ្នល់ រងរបួសជើងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានយុវជន៣នាក់ ជិះម៉ូតូ Let’s ឌុបគ្នា(អត់ពាក់មួកសុវត្ថិភាព) ចូលគោលដៅអនុវត្តច្បាប់ចរាចរណ៍ ហើយបន្ថែមល្បឿនបំណងគេចខ្លួន បែរជាទៅបុកសមត្ថកិច្ចម្នាក់ ខណៈពេលកំពុងតែឈរអនុវត្តច្បាប់ចរាចរណ៍ បណ្ដាលឲ្យដួលតែម្ដង នៅគោលដៅអនុវត្តច្បាប់របស់អធិការដ្ឋានដ្ឋាននគរបាលខណ្ឌដូនពេញ នៅរង្វង់មូលសម្ដេចសង្ឃជួនណាត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០:៣៥នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំណែកឯយុវជនទាំងបីនាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ។

សមត្ថកិច្ចដែលរងរបួសមានឈ្មោះ គៀង ចំរ៉ុង អាយុ៣៥ឆ្នាំ ឋានន្តរសក្ដិអនុសេនីយ៍ឯក(ស័ក្តបី) បម្រើការនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ ខណៈពេលកម្លាំងចម្រុះមានទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ, កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការរាជធានីភ្នំពេញ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចកើតហេតុខាងលើ ស្រាប់តែមានយុវជនទំនើង ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Let’s ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CE-9346 ឌុបគ្នា (មិនពាក់មួកសុវត្ថិភាពទេ) ដោយពួកគេបានជិះយ៉ាងលឿនស្លេវ ចូលមកក្នុងគោលដៅខាងលើ សមត្ថកិច្ចក៏បានហៅឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យសិន ស្រាប់តែឃើញសមត្ថកិច្ចភ្លាម ពួកគេស្ទាក់ស្ទើបម្រុងជិះបកក្រោយ តែក្រឡេកមកឃើញសមត្ថកិច្ចចេញមកស្ទាក់ពីក្រោយរួចហើយ យុវជនទាំង៣នាក់មិនព្រមឈប់ទេ បែរជាបន្ថែមល្បឿនកាន់តែលឿន បំណងជិះគេចខ្លួនចេញឲ្យបានតែម្ដង តែពេលជិះគេចទៅឆ្វេងទៅស្ដាំៗ បែរជាទៅបុកសមត្ថកិច្ចម្នាក់កំពុងតែឈរអនុវត្តច្បាប់ចរាចរណ៍ បណ្ដាលឲ្យដួលតែម្ដង ហើយយុវជនទាំងបីនាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ។ ភ្លាមៗនោះមន្ត្រីសមត្ថកិច្ចនគរបាល ដែលរងរបួសជើងធ្ងន់នោះ ត្រូវបានបញ្ជូនទៅពិនិត្យនិងព្យាបាលរបួសនៅមន្ទីរពេទ្យភ្លាមៗ ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទោះជានឿយហត់ និងប្រឈមនៅបញ្ហាជាច្រើនក្តី ក៏សមត្ថកិច្ចមិនរុញរាឡើយ ក្នុងការអនុវត្តច្បាប់រឹតបន្តឹងច្បាប់ចរាចរណ៍នេះ ព្រោះការអនុវត្តច្បាប់នេះគឺបានជួយកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាច្រើន ជាពិសេគឺបានការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: