នាយករដ្ឋមន្ដ្រីអង់គ្លេស Boris Johnson ធ្វើការដាក់ខ្លួននៅដោយឡែកជាថ្មីម្ដងទៀត បន្ទាប់ពីគាត់បានប៉ះពាល់អ្នកវិជ្ជមានជាមួយជំងឺកូវីដ១៩
អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កំពុងតែនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមនុស្សម្នាក់ដែលគាត់មានទំនាក់ទំនងជាមួយ បានតេស្តវិជ្ជមានជំងឺ COVID-19 ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖«គាត់នឹងបន្តធ្វើការពីការិយាល័យ Downing Street រួមទាំងការដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះការឆ្លងរាតត្បាតនៃជំងឺនេះ»។ ការបញ្ជាក់នេះបានមានឡើងបន្ទាប់ពីលោក Boris Johnson បានជួបជាមួយសមាជិកសភាមួយក្រុមតូច រយៈពេលប្រហែលកន្លះម៉ោង កាលពីថ្ងៃព្រហស្បតិ៍ ហើយម្នាក់ក្នុងចំណោមពួកគេទាំងនោះ ក្រោយមកត្រូវបានគេរកឃើញថាឆ្លងជំងឺ COVID-19 ។

រំលឹកដែរថាលោក Boris Johnson ត្រូវបានគេបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យកាលពីក្នុងខែមេសា បន្ទាប់ពីគាត់បានឆ្លងជំងឺ COVID-19 ជាមួយនឹងស្ថានភាពធ្ងន់ធ្ងរ។ អ្នកនាំពាក្យបាននិយាយថា នៅពេលនេះ «លោកនាយករដ្ឋមន្រ្តីមានសុខភាពល្អ ហើយមិនមានរោគសញ្ញានៃជំងឺ COVID-19 នោះទេ»។ ប្រភពមួយបានបន្ថែមថា លោក Boris Johnson នៅមានសុខភាពល្អ ហើយលោកនាយករដ្ឋមន្រ្តីនឹងបន្តធ្វើការធម្មតា ជាពិសេសដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះការឆ្លងរាលដាលនៃជំងឺ COVID-19 ។ យ៉ាងណាការិយាល័យ Downing Street មិនបាននិយាយថា តើលោក Boris Johnson នឹងនៅដោយឡែករយៈពេលប៉ុន្មានថ្ងៃទេ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍