បច្ចេកវិទ្យា

បម្រាម 7ចំណុចទាក់ទងទៅនឹងថាមពលថ្ម និងការសាកថ្មលើ iPhone ដែលកុហកអ្នកប្រើប្រាស់អស់រាប់ឆ្នាំ

BY
Khmernote Media
June 21, 2018

អាថ៌កំបាំងជាច្រើនទាក់ទងទៅនឹងថាមពលថ្មរបស់ស្មាតហ្វូន បានក្លាយទៅជាចម្ងល់យ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់។ ដោយឡែក ពាក្យចចាមអារាមជាច្រើនដែលបានលើកឡើង ក៏ដូចជាវីដេអូបង្ហាញពីរបៀបថែរក្សាថាមពលថ្មឲ្យប្រើប្រាស់បានយូរនានា គឺស្ទើរតែជារឿងមិនពិតទាំងអស់ ពោលគឺពុំមានអំណះអំណាងច្បាស់លាស់ណាមួយឡើយ។

យ៉ាងណាមិញ ខាងក្រោមនេះគឺជាចំណុចពិសេសទាំង 7ទាក់ទងទៅនឹងថាមពលថ្ម និងការសាកថ្មដែលអ្នកជឿស្លុងតាំងពីដើមមក ប៉ុន្ដែវាមិនមែនជាការពិតឡើយ។

1/ បិទកម្មវិធីដើម្បីសន្សំថាមពលថ្ម

ស្ដាប់ទៅម៉្យាង ប៉ុន្ដែការបិទកម្មវិធីដែលកំពុងដំណើរការចោលទាំងអស់ គឺមិនមានផលប៉ះពាល់អវិជ្ជមានដល់ថាមពលថ្មឡើយ។ អ្នកអាចនឹងមិនជឿថា ដើម្បីរក្សាថាមពលថ្មប្រើប្រាស់បានយូរ អ្នកគួរបើកកម្មវិធីទាំងឡាយណាដែលអ្នកចូលចិត្តប្រើចោលទៅជាការស្រេច។

ជាការពិតណាស់ កម្មវិធីដែលបើកចោលទាំងអស់ គឺមិនសូវជាស៊ីថាមពលថ្មប៉ុន្មានឡើយ ជាពិសេសគឺនៅលើប្រព័ន្ធដំណើរការ iOS តែម្ដង។ ផ្ទុយទៅវិញ អ្នកអាចនឹងមិនដែលចាប់អារម្មណ៍ថា ការបិទកម្មវិធីចោល រួចបើកមកវិញគឺបណ្ដាលឲ្យស៊ីថាមពលថ្មខ្លាំងជាងបើកទុកចោលទៅទៀត។ ដូចនេះ ជាការល្អរាល់កម្មវិធីនានាដែលអ្នកឧស្សាហ៍ប្រើ គួរតែបើកវាទុកចោលទៅ។

2/ សាកថ្មមួយយប់ទល់ភ្លឺ ធ្វើឲ្យថាមពលថ្មខូច

សម្រាប់ការលើកឡើងនេះ គឺពិតមែនកាលពីអតីតកាល ប៉ុន្ដែសម្រាប់ពេលបច្ចុប្បន្នវាគឺមិនពិតឡើយ ពោលគឺអ្នកអាចសាកថ្មមួយយប់ទល់ភ្លឺបានដោយគ្មានបញ្ហាអ្វីទាំងអស់។ ទោះជាយ៉ាងណា ថ្វីបើពុំមានបញ្ហាកើតឡើងទាក់ទងទៅនឹងថាមពលថ្មមែនពិត ប៉ុន្ដែត្រូវចាំថា កុំថាស្មាតហ្វូនជិតខ្លួនពេកឲ្យសោះពេលសាកថ្មចោលពេលយប់។

3/ មិនអីឡើយ បើទោះជាអ្នកប្រើឆ្នាំងសាកគុណភាពអន់

មិនមែនគ្រប់ឆ្នាំងសាកទាំងអស់សុទ្ធតែផលិតឡើងដោយគុណភាពខ្ពស់នោះទេ ហើយមនុស្សភាគច្រើនគឺមិនប្រើឡើយផលិតផលអន់ រឺគ្មានគុណភាព ព្រោះពួកគេក្លាយមានបញ្ហាជាមួយនឹងថាមពលថ្ម។ ផ្ទុយទៅវិញ អ្នកមិនមែនដាច់ខាតត្រូវតែប្រើរបស់ហ្សីនពីក្រុមហ៊ុន Apple សម្រាប់សាកថ្ម iPhone ឡើយ ពោលគឺឆ្នាំងសាកណាក៏អ្នកប្រើបានដែរកុំឲ្យតែវាដាច់ រឺជិតខូច។

4/ ប្រើ iPhone ទាល់អស់ថ្មរលីងក៏គ្មានបញ្ហាអ្វីដែរ

សម្រាប់ចំណុចនេះ គឺជាចំណុចក្ដៅគគុកតែម្ដងសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូននាពេលបច្ចុប្បន្ននេះ។ ធម្មតាប្រភេទថ្ម lithium-ion គឺល្អណាស់សម្រាប់ការប្រើប្រាស់ ហើយប្រសិនបើអ្នកប្រើវាទាល់តែអស់រលីង នោះគុណភាពថាមពលថ្មប្រភេទនេះ កាន់តែល្អជាងមុនវិញ។

5/ បើកកម្មវិធី Bluetooth ចោលស៊ីថ្មខ្លាំងបំផុត

សូមយល់ឲ្យច្បាស់ ចំពោះមុខងារមួយចំនួនដូចជា Bluetooth និង Wi-Fi គឺពិតជាស៊ីថាមពលថ្មមែន ប៉ុន្ដែអ្នកមិនតម្រូវឲ្យបិទ បើកវាជាប្រចាំនោះទេ ព្រោះសម្រាប់ការបើកពេញមួយថ្ងៃគឺស៊ីថាមពលថ្មត្រឹម 30នាទីប៉ុណ្ណោះ។

6/ កុំប្រើ iPhone ពេលកំពុងសាកថ្ម

អាចនិយាយបានថា នេះគឺជាការយល់ឃើញ និងជឿជាក់ពីសំណាកអ្នកប្រើប្រាស់ស្មាតហ្វូនតាំងពីយូរមកហើយ។ មានមនុស្សច្រើនណាស់ដែលយល់ខុសទាក់ទងទៅនឹងរឿងនេះ ពោលគឺពួកគេមិនហ៊ានប្រើឡើយពេលស្មាតហ្វូនកំពុងសាកថ្ម ព្រោះយើងសង្កេតឃើញថា មានករណីផ្ទុះច្រើនណាស់ដែលបណ្ដាលមកពីស្មាតហ្វូនកំពុងសាកថ្ម។

ផ្ទុយទៅវិញ ចំពោះ iPhone ការសាកថ្មបណ្ដើរប្រើប្រាស់បណ្ដើរ គឺមិនមានផ្ដល់បញ្ហាអ្វីទាំងអស់។ ស្របពេលជាមួយគ្នានេះ អ្នកត្រូវប្រាកដថា ឆ្នាំងសាកដែលអ្នកកំពុងប្រើគឺជាផលិតផលពិតពីក្រុមហ៊ុន នោះអ្នកនឹងទទួលបានសុវត្ថិភាពមួយរយភាគរយ។

7/ បើក iPhone រហូតមិនដែលបិទសោះ គឺគ្មានបញ្ហាអ្វីឡើយ

មនុស្សភាគច្រើនតែងប្រើ iPhone រហូតមិនដែលបានបិទសោះ ហើយសម្រាប់ចំណុចនេះយើងសូមធ្វើការបញ្ជាក់ប្រាប់លោកអ្នកថា វាគ្មានបញ្ហាអ្វីឡើយ ព្រោះ iPhone មិនត្រូវការសម្រាក រឺគេងដូចមនុស្សឡើយ។ ទោះជាយ៉ាងណា ការលើកឡើងភាគច្រើនដែលថា ការ Restart iPhone រៀងរាល់មួយសប្ដាហ៍ម្ដង រឺបិទទុកចោលមួយម៉ោង ក៏ជាការល្អដែរ ការធ្វើបែបនេះអាចជួយឲ្យថាមពលថ្មប្រើប្រាស់បានយូរ និងគុណភាព iPhone នៅល្អ ដំណើរការលឿន។ ប៉ុន្ដែ ប្រសិនបើអ្នកពុំចង់ធ្វើទេ ក៏គ្មានបញ្ហាអ្វីដែរ។

Fu

ប្រភព៖ idropnews

Share This Post: