ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃើញដើរម្នាក់ដូចសង្ស័យ សមត្ថកិច្ចហៅឈប់សួរនាំ ឆែកឆេរឃើញឧបករណ៍បែបនេះ១កំផ្លេតែម្តង និងទូរស័ព្ទមួយគ្រឿងទើបឆក់បានពីនារីម្នាក់

    BY Khmernote Media November 17, 2020
    ឃើញដើរម្នាក់ដូចសង្ស័យ សមត្ថកិច្ចហៅឈប់សួរនាំ ឆែកឆេរឃើញឧបករណ៍បែបនេះ១កំផ្លេតែម្តង និងទូរស័ព្ទមួយគ្រឿងទើបឆក់បានពីនារីម្នាក់

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ កំណត់មុខសញ្ញា តាមឃាត់ខ្លួនបានហើយ ដែលមានលាក់ទុកឧបករណ៍កាច់សោកម៉ូតូ និងដកហូតទូរស័ព្ទដៃមួយគ្រឿងដែលទើបតែធ្វើសកម្មភាពឆក់ពីនារីម្នាក់ នៅក្រោមស្ពានស្ទឹងមានជ័យកាលពីពេលថ្ងៃផងដែរ ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចក្បែរផ្ទះសំណាក់ស្រែលាភ ផ្លូវបេតុងលើប្រឡាយ ក្នុងភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២:២០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មាននារីរងគ្រោះម្នាក់កំពុងឈរចុចទូរស័ព្ទហៅក្រុមគ្រួសារឲ្យមកទទួលត្រលប់ទៅផ្ទះ បានសម្រេច នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់ បានដើរមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃរបស់នាង (ម៉ាកអាយហ្វូនអេចភ្លឺស iPhone8+) បានសម្រេច ហើយរត់ចូលទៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ហើយរូបនាងក៏បានដេញតាមក្រោយ និងស្រែកប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានឲ្យជួយដេញតាមរកមើលផង ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោល តាមរកមិនឃើញសោះ ។ បន្តិចក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ដែរ ប៉ុន្តែជនរងគ្រោះប្រាប់ថាមិនទាន់ទៅដាក់ពាក្យបណ្ដឹងទេ រួចអោយបុរសម្នាក់បើកម៉ូតូដឹករូបនាងចេញពីកន្លែងកើតហេតុបាត់ទៅ។

    បើតាមលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ដោយសារតែមានសកម្មភាព ឆក់ទ្រព្យសម្បត្តិអ្នកដំណើរជារឿយៗ នៅចំណុចក្រោមស្ពានស្ទឹងមានជ័យនោះ កម្លាំងអធិការដ្ឋានខណ្ឌមានជ័យ បានខិតខំប្រឹងទាំងយប់ទាំងថ្ងៃ ទោះជាត្រូវពលរដ្ឋរិះគន់ ពេលខ្លះរហូតដល់ជេរប្រមាថផង ក៏កម្លាំងមិនរុញរាទេ ក្នុងកិច្ចការស្រាវជ្រាវបង្ក្រាបបទល្មើសនោះអោយខានតែបាន ។

    លោកអធិការខណ្ឌបន្តទៀតថា ជាក់ស្ដែងបន្ទាប់ពីទទួលបានដំណឹងភ្លាម លោកបានបញ្ជាឲ្យកម្លាំងរបស់លោក ចុះទៅពិនិត្យមើលនិងសាកសួរព័ត៌មាននៅកន្លែងកើតហេតុភ្លាម ដើម្បីកំណត់មុខសញ្ញា តាមឃ្លាំមើលភ្លាមតែម្ដង លុះមកដល់វេលាកើតហេតុ កម្លាំងអន្តរាគមន៍ពិសេសដែលដឹកនាំដោយលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស ចេញល្បាតពួនស្ទាក់បទល្មើសក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យកំពុងតែដើរតែម្នាក់ឯង នៅចំណុចខាងលើ ដោយក្នុងលក្ខណៈសង្ស័យ កម្លាំងក៏បានហៅជនសង្ស័យឲ្យឈប់ដើម្បីធ្វើការសួរនាំនិងឆែកឆេរ ហើយខណៈពេលដែលសមត្ថកិច្ចធ្វើការឆែកឆេរលើខ្លួនជនសង្ស័យ ស្រាប់តែប្រទះឃើញឧបករណ៍សម្រាប់កាច់សោកម៉ូតូ ចំនួន១កំផ្លេ និងទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone 8+ ពណ៌ទឹកមាស ដោយមានរូបនារីរងគ្រោះជាប់អាក្រង់ទូរស័ព្ទ រួចកម្លាំងសមត្ថកិច្ចក៏បានធ្វើការចាប់វាយខ្នោះជនសង្ស័យភ្លាមៗតែម្តង។

    សមត្ថកិច្ចបានបន្តថាជនសង្ស័យខាងលើមានឈ្មោះ ជា ចយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លងសារភាពថា ទូរស័ព្ទដៃដែលនៅលើខ្លួនរូបគេ គឺរូបគេទើបតែធ្វើការសកម្មភាពឆក់យកពីស្ត្រីម្នាក់ដែលកំពុងឈប់និយាយទូរស័ព្ទតែម្នាក់ឯង កាលពីវេលាម៉ោង១២និង០០នាទី ត្រូវនិងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

    បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាំងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំធ្វើការចាត់ការបន្តទៅតាមនីតិវិធីច្បាប់ជាបន្តទៀត។

    ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បានប្រកាសស្វែងរកនារីរងគ្រោះ អាចមកកាន់ស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដើម្បីមកទទួលយកទូរស័ព្ទរបស់ខ្លួនទៅវិញផងដែរ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: