ល្អខ្លាំងណាស់! កម្ពុជាជ្រើសរើសឈុត «ព្រះថោងតោងស្បៃនាងនាគ» ដែលជាសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីបង្ហាញជូនដល់ពិភពលោក ក្នុងព្រឹត្តិការណ៍ធំមួយនៅប្រទេសថៃ
យោងតាមការបញ្ជាក់ពី ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចូលរួមអនុវត្តសេដ្ឋកិច្ចការទូត ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ឯកឧត្តម អ៊ូកសោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការ 10th Thai Silk Road to the World 2020 ដែលរៀបចំឡើងនៅវិមានរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្តម វិស្ណុ គ្រឿង៉ាម ឧបនាយករដ្ឋមន្រ្តីនៃប្រទេសថៃ។

នាឱកាសនោះ ក្នុងនាមជាសមាជិកមួយរូបនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ខាងលើ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនអង្គប្រជុំ អំពីវឌ្ឍនភាពការងារ និងការចូលរួមរបស់កម្ពុជាតាមរយៈការជ្រើសរើសឈុត «ព្រះថោងតោងស្បៃនាងនាគ» ដែលជាម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីបង្ហាញជូនដល់ពិភពលោក ជាមួយបណ្តាអង្គទូត និងតារាបង្ហាញម៉ូតអាជីពប្រមាណជាង ១០០នាក់ ដែលគ្រោងនឹងរៀបចំឡើងក្នុងដើមខែធ្នូ ឆ្នាំ២០២០ ខាងមុខនៅទីក្រុងបាងកក៕
