ជនសង្ស័យ២នាក់ វាយបំផ្លាញវត្ថុក្នុងព្រះពុទ្ធសាសនាលើភ្នំបាសិទ្ធ ខូចខាតសម្ភារមួយចំនួនធំ ត្រូវសមត្ថកិច្ចវាយខ្នោះជាប់
ខេត្តកណ្ដាល៖ យោងតាមការចុះរបស់ អធិការដ្ឋាននគរបាលស្រុកពញាឭ បានឲ្យដឹងថា ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីធ្វើឲ្យខូចខាតដោយចេតនា នូវបូជនីយដ្ឋានសាសនា ឬបូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា កើតហេតុថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩៖០០នាទីព្រឹក នៅចំណុចលើភ្នំបាសិទ្ធ ក្នុងបរិវេណវត្តបាសិទ្ធត្រៃយត្រឹង្ស ភូមិតាពិជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់រួមមាន៖
១.ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិបាក់រនាស់ ឃុំសង្ឃ័ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាជនដៃដល់។
២.ឈ្មោះ ប៊ិន សុភា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (អ្នកបើកបរ)។
+ សម្ភារៈចាប់យក៖ រថយន្តម៉ាក LEXUS ពណ៌ប្រផេះផលិតឆ្នាំ២០០៣ ផ្លាកលេខ 2AV.9545, សោរថយន្ត០១ កូនសោរ ០២, ទូរសព្ទ័០១គ្រឿងម៉ាក iPhone ។ សម្ភារមានការខូចខាតដូចជា៖ រូបសំណាក់ព្រះនាងគ្រប់លក្ខ័ ០១, រូបសំណាក់ព្រះនាងពៅ ០១, រូបសំណាក់កុមារពេជ្រ ០១, រូបសំណាក់ព្រះអង្គចេក ០១, ព្រះក្លស្ស ០៣, ផើងផ្កា ០១, ពាង ០២, បង្គោលសូឡា ០១, គ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីមួយចំនួន, រូបសំណាក់ព្រះនាងទេពប្រណម្យ០៤, រូបសំណាកក្បាលនាគ ០២, អាស្រមអ្នកតា ០១, របាដែកទ្វាព្រះវិហារ ០២ ។

សភាពហេតុបានឲ្យដឹងថា៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើមានឈ្មោះ សូត្រ ស៊ីម ភេទប្រុស អាយុ ៦៦ឆ្នាំ មុខងារជាមន្រ្តីវប្បធម៌អភិរក្សភ្នំបាសិទ្ធ បានតេទូរសព្ទ័រាយការណ៍ មកមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈ្វាំងថា៖ មានជនសង្ស័យ០២នាក់ បានជិះរថយន្តម៉ាក LUXUS ពណ៌ប្រផេះ ផលិតឆ្នាំ ២០០៣ ពាក់ផ្លាកលេខភ្នំពេញ 2AV9845 មកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណវត្ត ហើយក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះគង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិទ្ធត្រៃយត្រឹង្ស រួចធ្វើសកម្មភាព ធាក់ទ្វារព្រះវិហារ បណ្តាលឲ្យបាក់របាទ្វារ បន្ទាប់មកជនសង្ស័យបានរត់ចុះពីលើព្រះវិហារ មកធ្វើសកម្មភាព វាយបំផ្លិចបំផ្លាញរូបសំណាក់ ព្រះនាងទេពប្រណម្យ(០៤) និងខ្ទមអ្នកតា(០១) រួចចុះតាមជណ្តើរទាញបំបាក់បង្គោលសូឡា និងធាក់ក្បាលនាគ(០២) បំបាក់ចោល បន្ទាប់មកជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់លក្ខ័ វាយបំផ្លិចបំផ្លាញរូបសំណាក់ក្នុងប្រាសាទរួមមាន៖
១. រូបសំណាកស្រីគ្រប់លក្ខ័ (០១)
២. រូបសំណាកព្រះនាងពៅ (០១)
៣. រូបសំណាកកុមារពេជ្រ(០១)
៤. រូបសំណាកព្រះអង្គចេក(០១)និងគ្រឿងសការៈមួយចំនួនទៀត ដូចជាបាយសី ផ្កាភ្ញី បោះបោកចោលហើយជនសង្ស័យ បានវាយផើងផ្កា និងពាងទឹកបែកអស់(០២) ដែលនៅក្បែរប្រាសាទ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ និងមធ្យោបាយធ្វើដំណើរ រថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕











ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកពញាឭ – Police Inspectorate Of Ponhea Lueu District