ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌាបានកើនដល់ ៩លាននាក់ ខណៈរដ្ឋាភិបាលបង្កើនការពិន័យ ៤ដង សម្រាប់អ្នកដែលមិនពាក់ម៉ាស់
យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 នៅប្រទេសឥណ្ឌាបានកើនដល់ ៩ លានករណី គិតត្រឹមថ្ងៃសុក្រនេះផ្ទាល់ ខណៈប្រទេសដែលរងគ្រោះខ្លាំងជាងគេទី២ លើពិភពលោកមួយនេះ បានមើលឃើញថាមន្ទីរពេទ្យ និងទីបញ្ចុះសពនៅរដ្ឋធានីញូវដែលី កំពុងតែរងសម្ពាធយ៉ាងខ្លាំង។ ប្រទេសឥណ្ឌាក៏បានចុះបញ្ជីការស្លាប់សរុបជាង ១៣២,០០០ នាក់ នេះបើយោងតាមតួលេខផ្លូវការចុងក្រោយរបស់ខ្លួន។

ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសឥណ្ឌា គឺស្ថិតនៅលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួន ១១.៦ លានករណី និងមានអ្នកស្លាប់ច្រើនជាង ២៥០ ០០០ នាក់។ ប្រទេសឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់លេខ២ លើពិភពលោក បានធ្លាក់ចុះករណីប្រចាំថ្ងៃក្នុងរយៈពេលមួយខែកន្លងមកនេះ ប៉ុន្តែនៅតែចុះបញ្ជីអ្នកឆ្លងថ្មីប្រមាណជា ៤៥ ០០០ នាក់ ជារៀងរាល់ថ្ងៃ។
ទីក្រុងញូវដែលីក៏កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយទ្វេដង ពីការបំពុលបរិស្ថាន និងជំងឺ COVID-19 ដោយបានឃើញថាមានការឆ្លងបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីមានអ្នកឆ្លងដល់កន្លះលាននាក់ ជាមួយនឹងចំនួនករណីកើនឡើងជារៀងរាល់ថ្ងៃ។ កាលពីថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលបានបង្កើនការពិន័យចំនួន ៤ដង ចំពោះការមិនពាក់ម៉ាស់ការពារ ក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ទល់នឹងការផ្ទុះជំងឺនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍